(កូឡាឡាំពួរ)៖ លោក Liow Tiong Lai រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានបញ្ជាក់ជាផ្លូវការថា បំណែក​យន្ត​ហោះដែលបានប្រទះ ឃើញនៅឆ្នេរសមុទ្រប្រទេសថៃ គឺមិនមែនជាបំណែកយន្តហោះម៉ាឡេស៊ី MH370 ឡើយនេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា។

មន្ត្រីជំនាញមកពីនាយករដ្ឋានអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជួនម៉ាឡេស៊ី និង​ក្រុមជំនាញមកពី​ក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) បានរកឃើញថា បំណែកយន្តហោះនោះមិនមែនជារបស់ MH370 នោះទេ ព្រោះតាមការពិនិត្យវាមិនមែនជាផ្នែក ណាមួយនៃយន្តហោះ Boeing 777 ឡើយ ដូច្នេះសបញ្ជាក់បាន​ថា វាមិនមែនជាយន្តហោះ MH370 ទេ។

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អ្នកនេសាទថៃ បានប្រទះឃើញ​បំណែកយន្តហោះ ដែលមានប្រវែង ៣ទៅ៤ម៉ែត្រនៅឆ្នេរសមុទ្រមួយ នៃខេត្ត Nakhon Si Thammarat រួចក៏បានបញ្ជូនទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការ​ស៊ើបអង្កេត ព្រោះគេសង្ស័យថាវាជារបស់ យន្តហោះ MH370។

គួរបញ្ជាក់ផងដែរថា យន្តហោះ Malaysia Airlines Flight MH370 ជាមួយនឹងមនុស្សនៅលើយន្តហោះ ២៣៩​នាក់បានបាត់ដំណឹង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់​ទីក្រុងប៉េកាំង៕