(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តែងតែកើតមាននូវទំនាក់ទំនងគ្នា និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលការប្រាស្រ័យទាក់ទងទាំងនោះ ស្ថិតនៅក្រោមរូបភាពខុសៗពីគ្នាដូចជា៖ ការប្រាស្រ័យទាក់ទងគ្នាបែបធម្មតាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការជួយ ការដោះដូរទំនិញ ឬការធ្វើអាជីវកម្មទិញលក់ជាដើម។ ក្រោមរូបភាពនៃទំនាក់ទំនងនេះ យើងអាចសង្កេតឃើញថា គូភាគីបានបង្កើតទំនាក់ទំនងទាំងនេះតាមរយៈកិច្ចសន្យាដោយផ្ទាល់មាត់ ឬតាមរយៈកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
គូសបញ្ជាក់ផងដែរថា កិច្ចសន្យាដែលបានធ្វើឡើងជា លាយលក្ខណ៍អក្សរមានលក្ខណៈរឹងមាំ ជាងកិច្ចសន្យាផ្ទាល់មាត់ត្រង់ថា ក្នុងករណីមានវិវាទ (ជម្លោះ) កើតឡើង កិច្ចសន្យាដែលបាន ធ្វើជាលាយលក្ខណ៍អក្សរ ភាគីអាចយកកិច្ចសន្យានោះទៅធ្វើជាភស្តុតាងតតាំងចំពោះភាគី ឬតតិយជន ឬចំពោះមុខច្បាប់បាន។
បើយើងមើលក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ត្រង់គន្ថីទី៥គឺជាបណ្ដុំនៃកិច្ចសន្យាសំខាន់ៗ ហើយមានកិច្ចសន្យាមួយក្នុងចំណោមកិច្ចសន្យាជាច្រើន ដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ជាងគេនោះគឺ «កិច្ចសន្យាក្រុមហ៊ុន»។
តើអ្វីទៅជាកិច្ចសន្យាក្រុមហ៊ុន ហើយកិច្ចសន្យាក្រុមហ៊ុនត្រូវបានបង្កើតឡើង និងរំលាយទៅវិញក្នុងរូបភាពបែបណា?
ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «កិច្ចសន្យាក្រុមហ៊ុន» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖
សូមបញ្ជាក់ថា ប្រធានបទខាងលើយើងខ្ញុំសូមលើកបកស្រាយផ្ដោតសំខាន់ទៅលើកិច្ចសន្យាក្រុមហ៊ុនដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ តែប៉ុណ្ណោះ។
យោងតាមមាត្រា៦៩៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានឲ្យនិយមន័យនៃកិច្ចសន្យាក្រុមហ៊ុនថា៖ «កិច្ចសន្យាក្រុមហ៊ុន សំដៅទៅលើកិច្ចសន្យាដែលបង្កើតឡើងជាក្រុម ដែលគ្មានការរៀបចំលក្ខណៈជានីតិបុគ្គល ដើម្បីប្រកបកិច្ចការ ដោយសហការគ្នា ដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួន»។
កិច្ចសន្យាក្រុមហ៊ុនអាចបង្កើតឡើងបានដោយផ្អែកតាមស្មារតីនៃមាត្រា៧០០ នៃក្រមរដ្ឋប្បវេណីបានបង្ហាញពីការបង្កើតកិច្ចសន្យាក្រុមហ៊ុនមានដូចខាងក្រោម៖
១៖ ក្រុមហ៊ុន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយការសន្យា ដែលភាគីនីមួយៗវិនិយោគទ្រព្យធនរៀងៗខ្លួន ហើយប្រកបកិច្ចការដោយសហការគ្នា។ ពោលកិច្ចសន្យាក្រុមហ៊ុន អាចបង្កើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីភាគី ទើបអាចបង្កើតជាកិច្ចសន្យាក្រុមហ៊ុនបាន។
២៖ ទ្រព្យធនដែលភាគីនីមួយៗត្រូវវិនិយោគ នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ក្រៅពីទ្រព្យសម្បត្តិ គឺយកពលកម្ម មកធ្វើជាកម្មវត្ថុបាន។ មានន័យថាទ្រព្យធនវិនិយោគនៅក្នុងកិច្ចសន្យាក្រុមហ៊ុនមិនចាំបាច់ទាល់តែទ្រព្យសម្បត្តិរបស់ភាគីនោះទេ គឺកម្លាំងពលកម្មក៏អាចក្លាយជាកម្មវត្ថុនៃការវិនិយោគបានដែរ។
៣៖ ក្នុងករណីដែលភាគីបានយកប្រាក់ធ្វើជាកម្មវត្ថុនៃការវិនិយោគទ្រព្យធន បើមានការយឺតយ៉ាវក្នុងការបង់ប្រាក់នោះ ក្រៅពីត្រូវបង់ការប្រាក់នៃការយឺតយ៉ាវ ក៏ត្រូវបង់ទៅលើការខូចខាតដែលកើតឡើងដោយសារការយឺតយ៉ាវនោះ ចំពោះក្រុមហ៊ុនផងដែរ។ ត្រង់បញ្ញត្តិនេះបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់ភាគី ចំពោះការយឺតយ៉ាវរបស់ខ្លួនក្នុងការបង់ប្រាក់តាមពេលវេលាកំណត់។
៤៖ ក្នុងករណីដែលសកម្មភាពនៃការបង្កើតក្រុមហ៊ុនរបស់ភាគីណាមួយ ក្នុងចំណោមភាគីដែលបានព្រមព្រៀងបង្កើតក្រុមហ៊ុន ក្លាយទៅជាមោឃៈ ឬត្រូវបានលុបចោល ដោយយោងតាម បញ្ញត្តិផ្នែកទី២ (វិការៈក្នុងការបង្ហាញឆន្ទៈ និងសុពលភាពនៃកិច្ចសន្យា៖ ការបង្ហាញឆន្ទៈត្រូវធ្វើឡើងដោយការភាន់ច្រឡំ ការបង្ហាញឆន្ទៈធ្វើឡើងដោយការឆបោក ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ឬការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ) ដូច្នេះក្នុងជំពូកទី២ នៃគន្ថីទី៤ ត្រូវចាត់ទុកថា ក្រុមហ៊ុននោះត្រូវបានបង្កើតដោយភាគីដទៃទៀត។ ប៉ុន្តែ ក្នុងករណីដែលក្រុមហ៊ុនពុំអាចសម្រេចគោលបំណងបាន ដោយសារកង្វះភាគីនោះត្រូវចាត់ទុកថាក្រុមហ៊ុននោះ ពុំត្រូវបានបង្កើតឡើយ។
ឧទាហរណ៍៖ លោក «ក» និងលោក «ខ» មានហ៊ុន១០,០០០ USD (មួយម៉ឺនដុល្លារអាមេរិក) ក្នុងមួយនាក់ ប៉ុន្តែលោក «គ» ពុំមានប្រាក់ចូលហ៊ុននោះទេ តែគាត់មានជំនាញផ្នែកចុងភៅ គាត់បានយកជំនាញរបស់គាត់ដើម្បី ចូលហ៊ុនគ្នាបើកភោជនីយដ្ឋានមួយកន្លែង ដោយបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរដើម្បីជាភស្តុតាង និងជាទំនុកចិត្តក្នុងការប្រកបអាជីវកម្ម។ ដូច្នេះកិច្ចសន្យាដែលពួកគាត់ត្រូវធ្វើនោះគឺជា កិច្ចសន្យាក្រុមហ៊ុន។
ក្រៅពីការបង្កើតកិច្ចសន្យា ឬការបង្កើតក្រុមហ៊ុន ក៏អាចកើតមាននូវការរំលាយផងដែរ ដោយផ្អែកតាមការមិនអនុវត្តកាតព្វកិច្ចរបស់ភាគី។
ដោយយោងតាមមាត្រា៧១៣ ការរំលាយក្រុមហ៊ុនអាចប្រព្រឹត្តទៅបានលុះត្រា៖
១/ ក្រុមហ៊ុន ត្រូវរំលាយតាមករណីណាមួយ ដូចកំណត់ខាងក្រោមនេះ៖
ក៖ ការបញ្ចប់កិច្ចការដែលជាកម្មវត្ថុក្រុមហ៊ុន ឬអលទ្ធភាពក្នុងការបំពេញកិច្ចការនោះ។
ខ៖ បើមានការព្រមព្រៀងពីសមាជិកទាំងអស់របស់ក្រុមហ៊ុន។
គ៖ បើនៅសល់សមាជិកក្រុមហ៊ុនតែម្នាក់។
ឃ៖ បើអំឡុងពេលនៃអតិ្ថភាពរបស់ក្រុមហ៊ុន ដែលកំណត់នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ត្រូវបានបញ្ចប់។
២/ ក្នុងករណីដែលមានមូលហេតុមិនអាចជៀសវាងបាន សមាជិកនីមួយៗរបស់ក្រុមហ៊ុនអាចទាមទារឱ្យរំលាយក្រុមហ៊ុនបាន។
៣/ ការទាមទារនៃកថាខណ្ឌទី២ ខាងលើនេះត្រូវធ្វើដោយការបង្ហាញឆន្ទៈចំពោះសមាជិកផ្សេងទៀតទាំងអស់ របស់ក្រុមហ៊ុន។
សរុបមកកិច្ចសន្យាក្រុមហ៊ុន គឺជាកិច្ចសន្យាមួយប្រភេទដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ និងជះផលវិជ្ជមានដល់សង្កមហើយដើម្បីឲ្យកិច្ចសន្យានេះ រឹងមាំគូភាគីគួរធ្វើកិច្ចសន្យាដែលមាន ទម្រង់លាយលក្ខណ៍អក្សរ ជាពិសេសដើម្បីឲ្យកិច្ចសន្យានេះ មានសុពលភាពលុះត្រាតែកិច្ចសន្យានេះ បង្កើតឡើងដោយមានការព្រមព្រៀងគ្នា សមត្ថភាពក្នុងការបង្ហាញឆន្ទៈ ដោយត្រូវអនុវត្តតាមបញ្ញត្តិដែល បានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕