(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ បានឆែកឆេរសណ្ឋាគារមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ចំនួន ២២នាក់ ខណៈ១៩នាក់ គ្មានលិខិតឆ្លងដែន។
ការឆែកឆេរបានធ្វើឡើង នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ២០២០។
របាយការណ៍របស់មន្រ្តីនគរបាលខេត្តមណ្ឌលគិរី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ផែនការងារអន្តោប្រវេសន៍ បានសហការជាមួយ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើការឆែកឆេរសណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលជនជាតិចិនបានជួល។
កម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន ២២នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៣នាក់ និង គ្មានលិខិតឆ្លងដែនចំនួន ១៩នាក់។
បន្ថែមលើនេះ សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន៖
* កុំព្យូទ័រ ចំនួន ៣៤គ្រឿង
* Laptop ចំនួន ០៦គ្រឿង
* USB Flash Drive ចំនួន ០៩គ្រឿង
* ស៉ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
* ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
* រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
* ដុំ Wifi ចំនួន ០៧គ្រឿង
* ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
* ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង កំពុងប្រើ ១២៧គ្រឿង)
* ប្រាក់ ៤៤៥ដុល្លារអាមេរិក។
បច្ចុប្បន្ន ជនជាតិចិនទាំង ២២នាក់ និងសម្ភារខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំអនុវត្តន៍តាមនីតិវិធី៕