(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា អមដំណើរដោយ លោក គីម អគ្គនាយកក្រុមហ៊ុនរបស់កូរ៉េ និងលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូជាច្រើនទៀត នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងត្រួសត្រាយដោះមីន ចូលទៅកាន់ទីតាំងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ត្រង់ចំណុចតំបន់ចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងនឹងប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១៦០លានដុល្លារអាមេរិក។
នេះគឺជាពន្លឺថ្មីមួយ មុននឹងឈានដល់ការអនុវត្តគម្រោង បើទោះបីជំងឺកូវីដ១៩កំពុងវាយលុកជាសកលយ៉ាងណាក្តី តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនៅតែបន្តអភិវឌ្ឍឥតឈប់ឈរ។
បើតាមមន្ត្រីអមដំណើរ ដែលចូលរួមនាឱកាសនោះ បានបង្ហើបឱ្យដឹងថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់ តែនៅក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់នោះទេ ពោលគឺអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយធានាដល់សន្តិសុខថាមពលក្នុងស្រុកផងដែរ ពោលគឺកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។
ប្រភពបានបន្តថា លោកក៏ពុំទាន់ដឹងច្បាស់ថាគម្រោងនេះ ចាប់ផ្តើមអនុវត្តន៍ពីថ្ងៃខែណានៅឡើយដែរ ក៏ប៉ុន្តែគ្រាន់តែដឹងថាគម្រោងនេះ
ទទួលបានការវិនិយោគពីក្រុមហ៊ុនកូរ៉េ ដែលគ្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះ៣ ទៅ៤ឆ្នាំ និងអាចមានផលប៉ៈពាល់ដល់បរិស្ថានតិចតួចបំផុត។
គួរជម្រាបថាមកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៦០មេហ្គាវ៉ាត់ឯណោះ៕