(ភ្នំពេញ)៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយនិងលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក មិនបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស ឬ បញ្ហារបស់បក្សប្រឆាំងនោះទេ។ នេះបើតាមការបញ្ជាក់ពី លោក អ៊ាង សុផល្លែត អ្នកនាំពាក្យនៃជំនួបខាងលើ។
លោក John Kerry បានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្បុជា នៅម៉ោងជាង១០៖៣០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង ទំនាក់ទំនង និងការរៀបចំកិច្ចប្រជុំអាស៊ានអាមេរិក។
លោក អ៊ាង សុផល្លែត បាននិយាយថា នៅក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ លោក ឃែរី ពុំមាននិយាយរឿងរបស់លោក សម រង្ស៊ី មេបក្សប្រឆាំងនោះទេ ហើយក៏មិនមាននិយាយអំពីបញ្ហាសិទ្ធិមនុស្សដែរ។ លោក បានលើកឡើងថា ក្នុងជំនួបនេះ លោក ចន ឃែរី បាននិយាយពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បួង ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជូនរដ្ឋមន្រ្តីការបរទេសអាមេរិកថា ត្រូវឱ្យមានការគោរពច្បាប់ទាំងអស់គ្នា៕