(ស្ទឹងត្រែង)៖ ក្នុងកំលុងជំងឺកូវីដ១៩នេះ កាកបាទក្រហមកម្ពុជា បានបន្តចុះផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋចំនួន ២៥៨គ្រួសារបន្ថែមទៀត រស់នៅភូមិចំនួន១៤ ឃុំចំនួន៤ នៃស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២០នេះ។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុក្ខដាក់ខ្វល់ខ្វាយ និងស្វះស្វែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។
ជាក់ស្តែងដូចពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះផ្តល់អំណោយសម្រាលទុក្ខលំបាកទាំងពីរទីតាំង ដែលស្ថិតនៅក្នុងបរិវេណវត្ត វេឡុវ័ន ភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ដែលមានប្រជាពលរដ្ឋចំនួន១២៦គ្រួសារ និងនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកអូរស្វាយសែនជ័យ សរុបចំនួន ១៣២គ្រួសារ។
ក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី បានពាំនាំព្រះរាជបន្ទូល និងប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីក្តីនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសពីជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកស្រីបានពាំនាំនូវសារគន្លឹះ ក្នុងការថែទាំសុខភាព ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់ពីជំងឺកូវីដ១៩ តាមការការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រៅពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ថ្មីៗនេះក៏មានការផ្ទុះឡើងនូវជំងឺគ្រុនឈីក (CHIK) បានឆ្លងរាលដាលដល់ ១៥ខេត្តហើយ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នពីជំងឺនេះ។
ការចម្លងនៃជំងឺគ្រុនឈីក តាមរយៈមូសខ្លាញីខាំ ពីមនុស្សម្នាក់ទៅម្នាក់ទៀត ដូច្នេះដើម្បីការពារ ត្រូវ
សម្អាតបរិវេណជុំវិញផ្ទះ លុបបំបាត់នូវជម្រកមូសទាំងអស់ ជាពិសេសកន្លែងអាចដក់ទឹកថ្លា ដែលមាននៅតាមសំបកកង់ឡាន ម៉ូតូ ពាងទឹក អាងទឹក និងកន្លែងអាចដក់ទឹកនានា។ ត្រូវដេកក្នុងមុង(ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែងឲ្យជិតៗ មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងងងឹត ដែលជាទីជម្រកមូសចូលចិត្តរស់នៅ។
បើសិនមានសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន និងសូមកុំសេពគ្រឿស្រវឹង គ្រឿងញៀនធ្វើឲ្យខូចសុខភាពខ្លួនឯង។
បន្ថែមពីនេះ សូមពលរដ្ឋ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល សូមបងប្អូនខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។
សូមជម្រាបថា ក្នុងឱកាសចុះផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាក ជូនដល់ប្រជាពលរដ្ឋចំនួន ២៥៨គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) សាប៊ូដុំ ២ដុំ និងបណ្ណប្រកាសស្តីពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទាន និងថវិកាមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវេឡុវ័នផងដែរ៕