(កំពង់ឆ្នាំង)៖ ការដ្ឋានសាងសង់ផ្លូវអភិវឌ្ឍន៍មាត់ទន្លេផ្សារក្រោម ភូមិចុងកោះ ក្រុងកំពង់ឆ្នាំង ត្រូវបានបើកដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃស្អែកទី២៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីប្រធានមន្ទីរពត៌មានខេត្ត ប្រធានមន្ទីរបរិស្ថាន និងមន្ទីរជំនាញ សាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ រួចរាល់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៦ ការដ្ឋានសាងសង់ផ្លូវរបស់មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅក្រោមវត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានអាក់ខានដំណើរការខណៈគ្រឿងចក្រ កំពុងធ្វើសកម្មភាពឈូសឆាយបើកការដ្ឋាននៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែមានក្រុមសកម្មជន គណបក្សប្រឆាំង ចេញមករារាំង។
លោកកែវពៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការអភិវឌ្ឍន៍ផ្លូវនេះមានទទឹងបាត៣០ម៉ែត្រ ខ្នងលើ១០ម៉ែត្រ ប្រវែងជាង៤គីឡូម៉ែត្រ ចាប់ពីភូមិចុងកោះសង្កាត់ផ្សារឆ្នាំង រហូតដល់ភូមិទី១ សង្កាត់ខ្សាម ចេញមកផ្លូវជាតិលេខ៥ ។
ការដ្ឋាននេះត្រូវបានផ្អាកដំណើរការនិងដកថយនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃដដែលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦បញ្ឈប់ដំណើរការទៅវិញបន្ទាប់ពីគេសង្កេតឃើញមានក្រុមគ្រួសារសកម្មជនប្រមាណ៥គ្រួសារ របស់គណក្សសង្គ្រោះជាតិប្រតិកម្មតវ៉ា នៅក្នុងនោះគេឃើញវត្តមាន លោក ដួង ចិត្រា ដែលជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ កំពុងជួបសកម្មជនរបស់ខ្លួនឲ្យមានការតវ៉ានេះកើតឡើង ៕