(ភ្នំពេញ)៖ អ្នកលេងហ្វេសប៊ុកមួយក្រុមដែលស្រឡាញ់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បានចងក្រងជាក្រុមធ្វើសកម្មភាព ដើម្បីរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងសមិទ្ធផលទាំងឡាយ របស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយរបស់ពួកគេនៅលើបណ្តាញសង្គម Facebook។
ក្រុមអ្នកលេងហ្វេសប៊ុកគាំទ្ររាជរដ្ឋាភិបាលនេះ បានប្រសិទ្ធនាមក្រុមរបស់ពួកគេថា «សំឡេងសន្តិភាព Voice Of Peace»។ «សំឡេងសន្តិភាព» ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអ្នកលេង ហ្វេសប៊ុក ដែលសុទ្ធសឹងជាអ្នកគោរពស្រឡាញ់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ ក្រុមអ្នកលេងហ្វេសប៊ុកគាំទ្ររាជរដ្ឋាភិបាល «សំឡេងសន្តិភាព» បានជួបជុំទទួលទាហានអាហាររួមគ្នានៅភោជនីយដ្ឋានមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការជួបជុំស្រស់ស្រូបអាហារដែលគេហៅថាជាអាហារសាមគ្គីរឹតចំណងសាមគ្គីភាព និងមិត្តភាពនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
វត្តមានមន្ត្រីជាន់ខ្ពស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីស្រស់ស្រូបអាហារនេះ មានដូចជា៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក សួស យ៉ារា អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមន្រ្តីៗជាច្រើនរូបទៀត។
«សំឡេងសន្តិភាព» តាមរយៈសមាជិករបស់ពួកគេបានធ្វើសកម្មភាពរយៈពេលប្រមាណជា ៣ខែមកហើយ។ សមាជិក «សំឡេងសន្តិភាព» ពួកគេតែងបានចេញធ្វើអត្ថាធិប្បាយនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ពួកគេ ដោយលើកបង្ហាញនូវសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសលើកបង្ហាញសមិទ្ធផលកើតចេញពីការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ក្រៅពីបង្ហាញសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលហើយនោះ សមាជិករបស់ «សំឡេងសន្តិភាព» គេតែងតែបានតបតស្រាយបំភ្លឺរាល់ការបំភ្លៃព័ត៌មាន និងការចោទប្រកាន់លើការងារទាំងឡាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសមកលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក អ៊ាវ ចំរើន ជាថ្នាក់ដឹកនាំមួយរូបនៅក្នុងក្រុមអ្នកលេងហ្វេសប៊ុក «សំឡេងសន្តិភាព» បានថ្លែងក្នុងពិធីស្រស់ស្រូបអាហារនោះថា ការផ្តួចផ្តើមចងក្រងនូវក្រុម «សំឡេងសន្តិភាព» នេះ ដើម្បីធ្វើសកម្មភាពលាតត្រដាងការពិតទាំងឡាយរបស់រាជរដ្ឋាភិបាលជូនទៅកាន់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស កុំឱ្យចាញ់បោក ឬជឿលើការញុះញង់ណាមួយរបស់ក្រុមប្រឆាំង ដែលជាឧទ្ទាមក្រៅច្បាប់នោះ។
លោក អ៊ាវ ចំរើន បានអះអាងថា «សំឡេងសន្តិភាព» នឹងពង្រីកខ្លួនទៅក្រុមរាជធានី-ខេត្ត ហើយឱ្យកាន់តែច្រើន ដើម្បីផ្សព្វផ្សាយ និងលើកបង្ហាញទិដ្ឋភាពទាំងឡាយ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសត្រៀមខ្លួនតបតនឹងក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែធ្វើសកម្មភាពប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា។
លោក សាយ សំអាល់ បានថ្លែងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងពិធីនោះ ដោយគាំទ្រយ៉ាងមុតមាំចំពោះការចងក្រង និងបង្កើតឡើងនូវបណ្តាញ «សំឡេងសន្តិភាព» នេះ។ លោក សាយ សំអាល់ បានគូសរំលេចថា «សន្តិភាព» ដែលសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកបានមកនេះ មានគុណតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។
ដើម្បីការពារសមិទ្ធផលដែលរាជរដ្ឋាភិបាលប្រឹងប្រែងកសាងដោយលំបាកក្រោមម្លប់នៃសុខសន្តិភាពនេះ លោក សាយ សំអាល់ លើកទឹកចិត្តដល់សមាជិក «សំឡេងសន្តិភាព» ត្រូវតែពង្រីកខ្លួន ហើយត្រូវប្រឹងប្រែងបង្ហាញនូវសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជា ជូនទៅកាន់ប្រជាពលរដ្ឋខ្មែរតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនេះ។
លោក សាយ សំអាល់ ក៏បានលើកទឹកចិត្តឱ្យ «សំឡេងសន្តិភាព» ត្រូវតែតបត និងបំភ្លឺរាល់ការបំភ្លៃទាំងឡាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីបំបែកមហិច្ឆតាទុច្ចរិតរបស់ពួកគេ ដែលចង់បំផ្លាញសុខសន្តិភាពបង្កើតភាពវឹកវរនៅកម្ពុជា៕