(ភ្នំពេញ)៖ កីឡដ្ឋានព្រីនស៍របស់ក្លិបបាល់ទាត់វិសាខា បានបញ្ចប់ការសាងសង់ផ្នែកសំណង់ នៃកន្លែងអង្គុយថ្មីរបស់ខ្លួន ១០០% ដើម្បីត្រៀមស្វាគមន៍អ្នកគាំទ្ររបស់ខ្លួននាពេលឆាប់ៗខាងមុខ។
ក្លិបជើងឯករងឆ្នាំចាស់នេះបានបញ្ជាក់ដូច្នេះ បន្ទាប់ពីលោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា បានចុះត្រួតពិនិត្យការដ្ឋានសាងសង់កន្លែងអង្គុយថ្មី កាលពីម្សិលមិញ។ ក្លិបអះអាងថា សំណង់កន្លែងអង្គុយថ្មីនេះបានសាងសង់រួចរាល់ហើយ ពោលគឺនៅសល់តែការបំពាក់គ្រឿងបរិក្ខាផ្សេងៗប៉ុណ្ណោះ។
លោក រ៉ា នូវិបុត្រ នាយកប្រតិបត្តិវិសាខា ធ្លាប់បានបញ្ជាក់ថា ការពង្រីកកន្លែងអង្គុយថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកគាំទ្ររបស់ខ្លួន ហើយក្លិបសង្ឃឹមថា បន្ទាប់ពីសាងសង់រួច កីឡដ្ឋានព្រីនស៍ នឹងអាចទទួលអ្នកទស្សនាផ្ទាល់បានជាង ១ម៉ឺននាក់ ក្រោយរាជរដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ឡើងវិញ៕