(កណ្តាល)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង ដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុល និងកែលំអ។
បន្ទាប់មក លោកឧបនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ ដោយក្នុង ឱកាសនោះ លោកបានឧបត្ថម្ភអគារសិក្សា១ខ្នង (មាន៦បន្ទប់) និងបន្ទប់ទឹក៦ ព្រមទាំងផ្តល់ថវិកាសម្រាប់សាងសង់បណ្ណាល័យបំពាក់ដោយសម្ភារពាក់ព័ន្ធដល់អនុវិទ្យាល័យនេះថែមទៀត។
នៅព្រឹកថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី បានបន្តជួបសំណេះសំណាលជាមួយ មន្រ្តីមន្ទីរសុខាភិបាលខេត្តកណ្តាល និងបុគ្គលិកពេទ្យ នៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដោយក្នុងឧឱកាសនោះ លោកបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងផ្តល់អំណោយជូនមន្ទីរពេទ្យនេះ នូវម៉ាសចំនួន២០.០០០សន្លឹក សំលៀកបំពាក់ពេទ្យចំនួន១.០០០ សម្រាប់ និងថវិកាមួយចំនួនផងដែរ៕