(ភ្នំពេញ)៖ អង្គការភ្លែនអន្តរជាតិ ( Plan International ) ប្រចាំនៅកម្ពុជា សហការជាមួយអង្គការជាច្រើនទៀត និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកសិក្ខាសាលា ផ្សាព្វផ្សាយលទ្ធផល និងយុទ្ធសាស្រ្តដកចេញ នៃកម្មវិធីលើកកម្ពស់អនាម័យជនបទ ក្នុងខេត្តចំនួន៣ មានដូចជា តាកែវ កណ្ដាល និងកំពង់ស្ពឺ ដែលសិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។
សិក្ខាសាលាស្ដីពីលទ្ធផល នៃការអនុវត្តគម្រោង និងយុទ្ធសាស្រ្តដកចេញ នៃកម្មវិធីលើកកំពស់ អនាម័យនៅកម្ពុជា របស់អង្គការភ្លែនអន្តរជាតិ មានការចូលរួមពីសំណាក់ លោក ទ្រី ម៉េង រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ , លោក យេន យេប ក្លែនរេនស៊ីងក៏ ( Jan Jaab Kleinrensink) នាយកប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងអង្គការ ដៃគូអភិវឌ្ឍន៍ កម្មវិធីលើកកម្ពស់អនាម័យ មកពីខេត្ត តាកែវ កណ្ដាល និងខេត្តកំពង់ស្ពឺ ជាច្រើននាក់ទៀត។
លោក Jan Jaab Kleinrensink នាយកប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា បានថ្លែងថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលមកក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០២ ដោយបានបង្កើតឡើង ក្នុងឆ្នាំ១៩៣៧ ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ធ្វើការនៅលើ៦៩ប្រទេស ផ្តោតសំខាន់លើការលើកកម្ពស់សិទ្ធិកុមារ តាមរយៈការងារអភិវឌ្ឍន៍ផ្សេងៗក្នុងសហគមន៍ មានដូចជាអនាម័យ ទឹកស្អាត អប់រំ សន្តិសុខស្បៀង សុខភាព គ្រោះមហន្តរាយ យេនឌ័រ ការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងការងារអភិវឌ្ឍន៍ ផ្សេងៗទៀត ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយ និងសាសនា ។
លោកបានបន្តថា ក្នុងឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជំនួយឧបត្ថម្ភ រយៈពេល៥ឆ្នាំ ពីមូលនិធិអនាម័យសកល (GSF) ដើម្បីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា ក្នុងខេត្តចំនួន៥ មានដូចជា តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ចាម និងស្វាយរៀង ។ អង្គការភ្លែនអន្តរជាតិ កម្ពុជា ជាភ្នាក់ងារប្រតិបត្តិក្នុងការដឹកនាំកម្មវិធីនេះ ជាមួយអង្គការដៃគូ និងស្ថាប័នជាតិមួយចំនួន។
លោកនាយកអង្គការភ្លែន ប្រចាំប្រទេសកម្ពុជារូបនេះ បញ្ជាក់ថា គោលបំណងរបស់កម្មវិធី លើកកម្ពស់អនាម័យជនបទនៅកម្ពុជា គឺដើម្បីបង្កើនការទទួលបានការ កែលំអអនាម័យជនបទនៅកម្ពុជា ។ កម្មវិធីនេះជម្រុញការលើកកម្ពស់ការប្រើប្រាស់ បង្គន់ឲ្យបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ និងការបរិភោគទឹកមានសុវត្ថិភាព បង្កើត និងពង្រឹងសមត្ថភាពរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ថ្នាក់សហគមន៍ក្នុងការលើកកម្ពស់ ប្រតិបត្តិអនាម័យល្អ ។ សកម្មភាពសំខាន់ៗរបស់ កម្មវិធីរួមមាន សហគមន៍ដឹកនាំអនាម័យ បណ្ដុះបណ្ដាលជនបង្គោល ទីផ្សារអនាម័យ ទឹកស្អាត និងអនាម័យតាមសាលា និងលើកកម្ពស់ការផ្លាស់ប្ដូរ ទម្លាប់សហគមន៍។
លោកបញ្ជាក់ថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្រាប់ខេត្តទាំង៣ តាមរយៈកម្មវិធី មានប្រជាជន ២១៣,០២៧ នាក់ ក្នុងនោះមានកុមារ ១២៥,៤០៣នាក់ (៥២%ជាកុមារី) ក្នុង២៥៩ភូមិ បានប្រកាសបញ្ឈប់ការបន្ទោរបង់ ពាសវាលពាសកាលទាំងស្រុង ។ យោងតាមការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០១៤ ក្នុងប្រទេសកម្ពុជា កុមារក្រោមអាយុ១៥ឆ្នាំ មាន៣២,៤%ក្រិន , ២៤%មិនគ្រប់គីឡូ និង១០%ស្គមស្គាំង។
ដោយឡែកលោក ទ្រី ម៉េង រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាល និងក្នុងនាមក្រសួងអភិវឌ្ឍជនបទ សូមធ្វើការលើកទឹកចិត្ត និងកោតសរសើរ ចំពោះអង្គកាភ្លែនអន្តរជាតិ ហើយនឹងបន្តចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ដែលបានធ្វើការផ្ដោតសំខាន់ លើការអភិវឌ្ឍន៍ ផ្នែកសុខភាពអនាម័យតាមជនបទ និងគម្រោងផ្សេងៗជាច្រើនទៀត ដើម្បីផ្ដល់នូវចំណេះដឹង និងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពទៅថ្ងៃអនាគត ។
លោកបន្តថា ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ប្រជាជនជនបទប្រមាណពាក់កណ្ដាល ទទួលបានការកែលំអអនាម័យ បើធៀបឆ្នាំ១៩៩០ បានត្រឹមតែ១១% ប៉ុណ្ណោះ ។ ក្នុងនោះក្រសួងមានគោលបំណង ធ្វើឲ្យបាន៦០%ក្នុងឆ្នាំ២០១៨ និង១០០%ក្នុង២០២៥ នៅទូទាំងប្រទេស៕