(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានចុះមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម។
បងស្រី ភារម្យ បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន ថា បងស្រីចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ផ្តើមចេញពីមេមាន់ ៥ក្បាលជាបណ្តើរៗ ដោយមានការគាំទ្រ ពីគម្រោងស្តីពី «សន្តិសុខស្បៀងសម្រាប់គ្រួសារក្រីក្រ» គាំទ្រដោយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន និងគម្រោងស្តីពី «ការផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)» គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD។
មានសមាជិក ៧០គ្រួសារ សម្រាប់បងស្រី បច្ចុប្បន្នមានមេមាន់២០០ក្បាល បា៤០ក្បាល។ ដោយប្រមូលទិញស៊ុត ពីសមាជិកយកមកភ្ញាស់១គ្រាប់ថ្លៃ ១៣០០រៀល ក្នុង១ថ្ងៃភ្ញាស់បាន ២០,០០០កូន លក់ទៅកាន់ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ កំពត និងតំបន់ជិតខាង ក្នុងតម្លៃ ៣៥០០រៀល ក្នុងមួយក្បាល។
សម្រាប់បងស្រី ភារម្យ លក់ទូភ្ញាស់ កូនមាន់ និងស៊ុតមាន់ផង ក្នុង១ខែ អាចរកបានចំណូល ជាង២៥០០ដុល្លារ ក្នុងមួយខែ ដោយឡែងក្នុងក្រុមទាំងមូលជាមធ្យមទទួល ៣០១លានរៀល ក្នុងមួយខែ ក្រោយពេលដកចំណាយថ្នាំការពារ ចំណី និងអគ្គីសនី នៅសល់ជាង៩១លានរៀល ក្នុងមួយខែ។
តាមរយៈលោករដ្ឋមន្ត្រី វេង សាខុន បងស្រីបានសម្តែងនូវអំណរគុណសន្តិភាព ម្ចាស់ជំនួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានថែរក្សា ការពារសន្តិភាពបង្កលក្ខណងាយស្រួល ឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបស់កសិកម្មចិញ្ចឹមជីវិត និងរស់នៅជួបជុំគ្រួសារ ប្រកបដោយសុខដុមរមនា និងបានទទួលបច្ចេកទេសកសិកម្ម (ចិញ្ចឹម និងភ្ញាស់) មាន់ស្រែបានទទួលជោគជ័យដូចថ្ងៃនេះ។
តាមរយៈលោករដ្ឋមន្ត្រី វេង សាខុន បងស្រីបានស្នើឲ្យអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធជួយគិតគូដោះស្រាយបញ្ហាតម្លៃភ្លើង ចំណីមាន់ ផ្លូវលំក្នុងភូមិ។
បានឃើញជាក់ច្បាស់ថាអាជីវកម្មរបស់បងស្រី ភារម្យពិតជាទទួលបានជោគជ័យមែន រួមទាំងសមាជិកផង លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងគាំទ្រឲ្យបងស្រី និងសមាជិកទាំង៧០គ្រួសារ ខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។
នាឱកាសនេះ ដើម្បីជួយលើកទឹកចិត្ត លោករដ្ឋមន្ត្រី វេង សាខុន បានជួយឧបត្ថម្ភឲ្យដល់បណ្តុំអាជីវកម្ម ចំនួន១លានរៀលផងដែរ៕