(កណ្ដាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ថោង ផល្លារង្ស៊ី បានសម្រេចចោទប្រកាន់ឈ្មោះ អឿន ធីតា ហៅ ចាវ ពីបទ «លួចមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងមុខខ្ទមអ្នកតាស្ថិតក្នុងភូមិ ព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងថា បុគ្គលជាចោរប្លន់រូបនេះធ្លាប់ជាប់ពន្ធនាគារករណីប្លន់ម្ដងដែរ ហើយលើកនេះចេញពីគុក ដើរប្លន់ទៀតហើយ មានបក្ខពួកម្នាក់ទៀតកជាដៃគូប្លន់ជាមួយគ្នា ប៉ុន្តែម្នាក់នោះបានរត់គេចខ្លួនបាត់ ខណៈនគរបាលនឹងស្រាវជ្រាវតាមចាប់ឱ្យខានតែបាន។
មន្ត្រីនគរបាលដដែល បានរៀបរាប់ថា កាលពីវេលាកើតហេតុលើ ជនរងគ្រោះបានជិះម៉ូតូម៉ាក Let តែម្នាក់ឯង ដើម្បីទៅហៅប្តីកំពុងផឹកស៊ីជាមួយមិត្តភ័ក្រនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរក្រុងតាខ្មៅ ក្នុងគោលបំណងបបួលប្តីជិះម៉ូតូដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ។ នៅពេលទៅដល់បានជួបប្តីហើយ តែប្តីមិនព្រមទៅព្រោះនៅជាប់រវល់ផឹក ម្យ៉ាងទៀតយប់ជ្រៅផង ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះតែម្នាក់ឯងវិញ។
តែនៅពេលជិះមកដល់ផ្លូវកែងក្បែរោងអ្នកតាភូមិព្រែកហូរកើត១ ក៏ស្រាប់តែឃើញជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក Wave ហើយបិទភ្លើង តាមពីក្រោយ រួចហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួល រួចនាំគ្នាដណ្តើមយកកាបូបលុយរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ទៅ។
ប្រភពបបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួងបាត់ទៅ។ លុះមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក៏ត្រូវកម្លាំងប៉ុស្តិ៍ព្រែកហូរ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕