(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរំឮកដល់អាជ្ញាធរគ្រប់ឃុំសង្កាត់ ត្រូវផ្តល់សេវាសាធារណ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព តម្លាភាព។
ទន្ទឹមនឹងនោះ ក្រៅពីកិច្ចការងារផ្តល់សេវានេះ ក៏ត្រូវចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យបញ្ហាឱ្យពួកគាត់បានទាន់ពេលវេលា។
ការក្រើនរំឮកបែបនេះ របស់លោក អ៊ុំ រាត្រី បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារស្តាប់ ព្រះសង្ឃសូត្រមន្ត ប្រោសព្រំ ដាក់ឱ្យដំណើរការអគាររដ្ឋបាល សង្កាត់ព្រះពន្លាថ្មី ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ។
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយនូវអ្វី ដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានលឿន ដោយមិនត្រូវបង្អង់នោះឡើយ។
លោក អ៊ុំ រាត្រី បានសម្តែងក្តីត្រេកអរដែលសង្កាត់ព្រះពន្លា ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ មានអគាររដ្ឋបាលសង្កាត់ថ្មី ក្រោយគេដែលកន្លងមកសង្កាត់មិនមានទីតាំងពិតប្រាកដ តែពេលនេះមានទីតាំងល្អមានអគារដ៏ស្រស់ស្អាតផ្ទាល់ខ្លួនហើយ។
ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថយចុះនោះ លោក អ៊ុំ រាត្រី ក៏ណែនាំដល់ប្រជាពលរដ្ឋបន្តប្រុងប្រ័យត្នជានិច្ច ចំពោះជំងឺនេះដែលកំពុងរាលត្បាតពេញពិភពលោក ហើយប្រទេសកម្ពុជា ក៏មិនមានទាន់មានភាពធូរស្រាលនៅឡើយនោះទេ ដោយបានរកឃើញករណីឆ្លងជាបន្តបន្ទាន់ សុទ្ធតែជាករណីនាំចូល។ ដើម្បីកុំឱ្យមានករណីឆ្លងរលកទី២ នៃជំងឺកូវីដ-១៩ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យឱ្យបានខ្ពស់ តាមរយៈការលាងដៃជាមួយសាប៊ូ អាល់កុលសម្លាប់មេរោគ ឬជែលលាងដៃជាដើម។
លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ឬគ្រុនឈីក ឱ្យបានខ្ពស់ ត្រូវដេកក្នុងមុងជាប្រចាំស្លៀកពាក់ ខោអាវវែងៗ កម្ចាត់ជម្រកមូសខ្លា ដោយធ្វើការសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់កន្លែងដែលមានដក់ទឹកដូចជា៖ សំបកកំប៉ុង សំបកដូង សំបកកង់ឡានជាដើម ជាពិសេសត្រូវដាក់ថ្នាំអាបែត ក្នុងពាង ឬអាងទឹក ឬចិញ្ចឹមត្រី ៧ពណ៌ ក្នុងពាង និងអាង ដើម្បីឱ្យវាស៊ីដង្កូវទឹកជាដើម។
ស្ថិតនៅក្នុងឱកាសនោះដែរ អភិបាលខេត្ត និងក្រុមការងារក៏បានដាំកូនឈើ នៅជុំវិញបរិវេណសាលាសង្កាត់ថ្មី រួមនឹងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋនៅទីនោះ ប្រកបដោយភាពស្និតស្នាល ជាទីបំផុតផងដែរ៕