(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ បានប្រារព្ធពិធីអបអរសាទរទិវា គយអន្តរជាតិ ក្រោមប្រធានបទ «រដ្ឋបាលគយ ក្នុងបរិបទបច្ចេកវិទ្យាព័ត៌មានវិទ្យា» ជាមួយនិងពាក្យស្លោក «ការចូលរួមអភិវឌ្ឍស្ថាប័នឥតឈប់ឈរ» ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនិងជំរុញបន្ថែមទៀត នូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។

ពិធីអបអរសាទរទិវាគយអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាល អាជ្ញាធរកំពង់ផែ ធុរជននាំចេញនាំចូល វិស័យឯកជនពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ។

លោកស្រី ងួន សុខា ក៏បានផ្តល់កិត្តិយសចែកប័ណ្ណសរសើរ របស់អង្គការគយពិភពលោក ជូនមន្ត្រីគយ និងរដ្ឋាករកម្ពុជា ដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ ក្នុងការចូលរួមការងារកំណែទម្រង់ទំនើបកម្មគយ និងតំណាងក្រសួងស្ថាប័ន វិស័យឯកជន សមាគមន៍ធុរកិច្ចនានា ដែលបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងកម្ពុជា។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានកំណត់យកកិច្ច សម្រួលពាណិជ្ជកម្មជាផ្នែកមួយ នៃកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ខ្លួន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងបានលើកទឹកចិត្ត ដោយជំរុញឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាជំនួយដល់ការអនុវត្តការងារប្រចាំថ្ងៃ និងអាចផ្តល់ព័ត៌មានជូនពលរដ្ឋ អ្នកប្រើប្រាស់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាពផងដែរ។
 
លោកស្រី ងួន សុខា បានគូសបញ្ជាក់អំពីលទ្ធផល នៃរបាយការណ៍របស់ធនាគារពិភពលោក ស្តីពីសន្ទស្សន៍ប្រសិទ្ធភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូន (Logistics Performance Index) ដែលបានបង្ហាញថា ប្រទេសកម្ពុជាយើងបានកែលម្អ ចំណាត់ថ្នាក់របស់ខ្លួនពីលេខ ១២៩ នៅឆ្នាំ២០១០ មកចំណាត់ថ្នាក់លេខ៨៣ ក្នុងឆ្នាំ២០១៤ គឺរំកិលចំនួន៤៦លេខ មករកចំណាត់ថ្នាក់ល្អ នេះជាលទ្ធផលគួរជាទីមោទនៈ ដែលប្រទេសជាច្រើន ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិច ពុំអាចសម្រេចលទ្ធផលល្អដូចនេះបានឡើយ។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ក្នុងការងារប្រមូលចំណូលជូនរដ្ឋ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផលគួរឲ្យកត់សម្គាល់ ការប្រមូលចំណូលពន្ធអាករសម្រាប់ខែធ្នូ ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយ សម្រេចបានតួលេខ៦៥២ ប៊ីលានរៀលផងដែរ៕