(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ បានសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៣នាក់ និងករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដែល បណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី គឺបុរសជនជាតិខ្មែរ ចំនួន០៣នាក់រួមមាន៖ អាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិកាញចុង ឃុំក្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បុរសទាំង០៣នាក់ខាងលើ បានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ដោយការធ្វើតេស្តលើកទីពីរនៃថ្ងៃទី០៧ នៃការធ្វើចត្តាឡីស័ករបស់គាត់ស្ថិត នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យបុរី១០០ខ្នង រាជធានីភ្នំពេញ ទទួលបានលទ្ធផលវិជ្ជមានវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ចំណែកករណីជាសះស្បើយអ្នកជំងឺម្នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកធ្វើដំណើរមកពី ប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៤៦នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៩នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២១៥នាក់ (ស្រី ៤៦នាក់ និងបុរស១៦៩នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕