(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលធ្វើការងារជាមួយអ្នកជំងឺកូវីដ១៩នោះ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យទាំងឡាយ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺ។
ការក្រើនរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីលោកបានសង្កេតឃើញក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមបណ្តាប្រទេសមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺពេលពួកគេកំពុងព្យាបាល និងថែទាំងអ្នកជំងឺកូវីដ១៩នោះ។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ដោយសារសង្កេតឃើញថា នៅបណ្តាប្រទេសមួយចំនួនលើសាកលលោក មានការឆ្លងវីរុសកូវីដ១៩ មកក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មួយចំនួនហើយនោះ ខ្ញុំសូមមផ្តាំផ្ញើដល់បុគ្គលិក មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស សូមបន្តកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលា ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ។ ជាពិសេសក្នុងពេលបំពេញការងារផ្តល់សេវាបម្រើបងប្អូនប្រជាពលរដ្ឋ»។
លោករដ្ឋមន្ត្រី បានគូសរំលេចថា ថ្វីត្បិតតែបច្ចុប្បន្ននេះ ករណីឆ្លងវីរុសកូវីដ-១៩ ថ្មី នៅប្រទេសកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសក៏ដោយ តែបុគ្គលិក មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅ ត្រូវតែនាំគ្នាបន្តការប្រុងប្រយ័ត្នដោយអនុវត្តវិធានការការពារខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា បុគ្គលមិនមានការចម្លងវីរុសកូវីដ-១៩ មិនមានការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងមិនមានការចម្លងចូលក្នុងសហគមន៍។
លោករដ្ឋមន្ត្រី បានមើលឃើញថា ហានិភ័យនៃការចម្លងចូលមកកម្ពុជានៅតែមាន ដោយសារការរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ នៅក្នុងបណ្តាប្រទេសលើពិភពលោក និងប្រទេសជិតខាងរបស់យើង ពុំទាន់មានការថមថយនៅឡើយ ហើយការចល័តធ្វើដំណើររបស់ប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៀត ជំងឺនេះ ពុំទាន់មានវ៉ាក់សាំង ឬឱសថសម្រាប់ព្យាបាលជំងឺដ៏សាហាវមួយនេះនៅឡើយទេ។
ទន្ទឹមនឹងការក្រើនរំលឹកឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ១៩ហើយនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាតរៈ ជាមន្ត្រី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបម្រើសេវាសុខភាពជូនអ្នកជំងឺកូវីដ-១៩ នៅតាមន្ទីរពេទ្យ ក៏ដូចជាកំពុងបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមមន្ទីរពិសោធន៍ និងនៅពេលយកវត្ថុសំណាកធ្វើវិភាគ ព្រមទាំងនៅតាមសហគមន៍ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត មិនខ្លាយនឿយហត់ ក្នុងការផ្តល់សេវាប្រកបដោយសីលធ៌មវិជ្ជាជីវៈពេទ្យកម្រិតខ្ពស់។
លោករដ្ឋមន្ត្រី ក៏កោតសរសើរ ដល់មន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ដែលបានប្រុងប្រយត្ន័ការពារខ្លួនខ្ពស់ មិនឱ្យមានការចម្លងវីរុសកូវីដ-១៩ មកមន្ត្រី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ក្នុងពេលបំពេញភារកិច្ចដ៏វិសេសថ្លៃថ្លាជូនប្រជាពលរដ្ឋនាពេលកន្លងមក។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ មានស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់។ ក្នុងនោះអ្នកជំងឺដែលព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប ២១៤នាក់ មានស្ត្រី ៤៦នាក់ និងបុរស ១៦៨នាក់។
រីឯអ្នកកំពុងសម្រាកព្យាបាលមានជំនួន ២៩នាក់។ ក្នុងនោះ ២៦នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ, ២នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឡែកស្ត្រី១នាក់ ជាជនជាតិកាហ្សាក់ស្តង់ ដែលបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានប្តូរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញជំនួសវិញ។
ក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវពេទ្យគេចាត់ទុកជាកងទ័ពអាវស ដែលបានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ១៩ និងបានជួយឱ្យអ្នកជំងឺជាសះស្បើយជាបន្តបន្ទាប់។
រហូតមកដល់ពេលនេះនៅកម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩រវាងអ្នកជំងឺ មកក្រុមគ្រូពេទ្យ ឬបុគ្គលិកមើលថែទាំអ្នកជំងឺកូវីដ១៩នោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើក្រុមគ្រូពេទ្យ និងបុគ្គលិកដែលពាក់ព័ន្ធ ដោយបានបំពាក់សម្ភារ និងបរិក្ខាគ្រប់គ្រាន់សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិក។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សម្តេចមិនឱ្យក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនមានអាវុធជាសម្ភារ និងបរិក្ខាចាំបាច់ផ្សេងៗនោះឡើយ៕