(ភ្នំពេញ)៖ ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹងចំនួន ២២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានទទួលអំណោយសប្បុរសធម៌ ពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌចំការមន ចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក សៀរ ម៉ីងស៊ីង ប្រធានអង្គការមូលនិធិ ឆឺជីប្រចាំកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលអង្គការរបស់លោក បានសហការជាមួយអាជ្ញាធរខណ្ឌចំការមន នាំយកអំណោយសប្បុរសធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ ដែលជួបការលំបាកក្នុងពេលកូវីដ១៩ កំពុងរាតត្បាតជាសាកលនេះ ហើយក៏មានប្រជាពលរដ្ឋចំនួន ២២៥គ្រួសារ ត្រូវបានទទួលអំណោយសប្បុរសម្តងរួចមកហើយដែរ។
លោកបន្តថា អង្គការមូលនិធិពុទ្ធសាសនាឆឺជី ចូលមកដល់កម្ពុជា តាំងក្នុងដើមឆ្នាំ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល១០ឆ្នាំហើយ នៅក្នុងប្រទេសមួយនេះ។ មូលនិធិសប្បុរសធម៌ឆឺជី បង្កើតឡើង ក្នុងគោលបំណងសំដៅទៅរកការដោះស្រាយទុក្ខលំបាក របស់ប្រជាជនមិនថាក្នុងតំបន់អាស៊ី ឬ អឺរ៉ុបឡើយ។
អង្គការមូលនិធិពុទ្ធសាសនាឆឺជី-កម្ពុជា អាចដំណើរការជួយប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះទៅបាន គឺដោយមានការផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ពី ភិក្ខុនី ជឹងយៀន ដែលរស់នៅតៃវ៉ាន់ និងចិនជាដើម។
ក្នុងឱកាសនោះដែរ លោក ថេង សុថុល បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌចំការមន។
អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាព មួយសបញ្ជាក់ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិត ស្រលាញ់ រាប់អាន គ្មានគិតគុណបុណ្យ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។
នាឱកាសនោះដែរលោកអភិបាលខណ្ឌ សុំឱ្យប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចោលរក្សាបរិស្ថានក្នុងសហគមន៍ឱ្យបានល្អ ជាពិសេសក្នុងសម័យកូវីដ១៩នេះ សុំបន្តអនុវត្តវិធានអនាម័យឱ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសង្គមឱ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរ អំណោយដែលប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ទទួលបាននៅថ្ងៃនេះគឺ ក្នុងមួយគ្រួសារៗទទួលបានភួយ១, អង្ករ ៤០គីឡូក្រាម ប្រេងឆា០១ដប មី១កេស និងនំប៉័ងជ្រុង១ដើម៕