(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវបរិស្ថានរាជធានី។
ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែល មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆមាសទី១ និងទិសដៅការងារឆមាសទី២ ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី តំណាងអគ្គនាយកទាំង៥ នៃក្រសួងបរិស្ថាន លោក គាត រង្ស៉ី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញមួយចំនួនផងដែរ។
លោក អ៊ាង សុផល្លែត បានថ្លែងសំណេះសំណាល និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងាររបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងថ្លែងអំណរគុណ ចំពោះមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លោកក៏បានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តន៍គោលនយោបាយការងារសំខាន់ៗមួយចំនួន ជំរុញឲ្យវិស័យកាន់តែប្រសើរឡើង។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានផ្តល់អនុសាសន៍ មួយចំនួនរួមមាន៖
១៖ បន្តជំរុញការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សា អំពីការវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវ ឲ្យបានគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋ។
២៖ ពង្រីកការអប់រំផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងតាមសហគមន៍នានា ឲ្យបានច្រើន។
៣៖ បន្ទាប់ពីចុះពិនិត្យទីតាំងកំណត់ការបញ្ចេញកាកសំណល់រឹងប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរួច សូមពិនិត្យមើលទីតាំងតែមួយ ដើម្បីកាត់បន្ថយទីតាំងបញ្ចេញសំរាម។
៤៖ រៀបចំសិក្សាគម្រោងបង្កើតវិថីមេត្រីភាពបរិស្ថាន ដែលនៅតាមដងវិថីនេះ មានផ្លូវដើរប្រកបដោយដើមឈើពណ៌បៃតង អាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមិនប្រើប្រាស់ថង់ប្លាស្ទិក។
៥៖ ចុះអប់រំផ្សព្វផ្សាយតាមបុរីនានា និងណែនាំដល់ម្ចាស់បុរី ឲ្យធ្វើការជ្រើសរើសទីតាំង ទុកដាក់សំរាម សំណល់រឹងរួមរបស់បុរី ដើម្បីងាយស្រួលដឹកជញ្ជូនចេញ។
ចុងបញ្ចប់ ថ្នាក់ដឹកនាំក៏បានបន្តស្នើសុំ និងជំរុញដល់មន្ទីរបរិស្ថាន ពង្រឹងកិច្ចសហការឲ្យបានល្អ ជាមួយមន្ទីរជំនាញនានា និងអាជ្ញាធរដែនដី ត្រូវបន្តអនុវត្តន៍សកម្មភាព ការងារឲ្យកាន់តែសកម្មថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការងារគ្រប់គ្រងគុណភាពបរិស្ថាន (ទឹក ដី ខ្យល់) នៅរាជធានីភ្នំពេញ កាន់តែល្អប្រសើរ៕