(ភ្នំពេញ)៖ ទំនិញប្រភេទសាច់គោ សាច់ជ្រូកសង្ស័យខូចគុណភាព និងទឹកមេតាណុលគ្មានច្បាប់អនុញ្ញាត ដែលឈ្មួញទុច្ចរិតលួចដឹកតាម រថយន្តក្រុង នាំចូលពីប្រទេសវៀតណាម ចូលតាមមាត់ច្រកទ្វារអន្តរជាតិបាវិត មកដល់រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះនៅក្នុងបរិវេណចំណតរថយន្តក្រុងក្រុមហ៊ុនដឹកជញ្ជូនអូរឡាំពិក អិចប្រេស អ៊ិនធើណេសិនណល ដែលមានទីតាំងនៅផ្ទះលេខ៤៨ ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ទំនិញអត់ច្បាប់និងជាប្រភេទទំនិញដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលសមត្ថកិច្ចធ្វើការឃាត់ចាប់បានខាងលើនេះរួមមាន ១.សាច់គោទម្ងន់៩៣៦គីឡូក្រាម ដាក់នៅក្នុងកេសចំនួន៥២កេសមិនមានក្លាស្សេត្រឹមត្រូវ ២. សាច់ជ្រូកកិនទម្ងន់១១៧០គីឡូក្រាម
ដាក់នៅក្នុងកេសចំនួន១៨កេស ៣. ឆ្អឹងជំនីជ្រូកទម្ងន់៦០គីឡូក្រាមដាក់នៅក្នុងកេសចំនួន៣កេស និង ៤. ទឹកមេតាណុល៦៥កាន ស្មើរនិង១៩៥០លីត្រ។
លោកឧត្តមសេនីយ៏ត្រីឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំង ចុះចាប់បានអោយដឹងថានៅយប់ថ្ងៃទី២៥ ខែមករា លោកបានទទួលសេចក្ដីរាយការណ៏ ពីកម្លាំងសម្ងាត់ថាមានឈ្មួញលួចនាំចូលទំនិញ ប្រភេទសាច់ខូចគុណភាព និងមេតាណុលខុសច្បាប់ពីប្រទេសវៀតណាម លោកបានដាក់កម្លាំងឃ្លាំចាំមើល។ ក្រោយពីដឹងថាពិតជាមាន ការលួចនាំចូល ទំនិញល្មើសច្បាប់ខាងលើពិតប្រាកដមែនលោកបានរាយការណ៏ទៅលោកឧត្តមសេនីយ៏ឯក ចាន់ វ៉ាន់ធឿន ប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបន្ទាប់ពីទទួលបានបទបញ្ជា លោកក៏ដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន រថយន្តក្រុងក៏រកឃើញទំនិញល្មើសច្បាប់ ខាងលើតែម្ដង។ក្នុងនោះតាមបញ្ជាលោកប្រធាននាយកដ្ឋានក្រៅពីដកហូតទំនិញល្មើសច្បាប់ ខាងលើនេះយកទៅធ្វើការត្រួតពិនិត្យនៅនាយកដ្ឋាន កម្លាំងរបស់លោកក៏ធ្វើការនាំខ្លួនស្រ្តីឈ្មោះ ស៊ីវ បូភ័ណ្ឌ អាយុ៣៣ឆ្នាំជាតំណាង ក្រុមហ៊ុនយកទៅធ្វើការសួរនាំដើម្បីរកប្រភពអ្នកនាំចូលផងដែរ។លោកឡុង ស្រេង បានអះអាងថាទំនិញប្រភេទសាច់ជ្រូកសាច់គោ ភាគច្រើន ខូចគុណភាពឈ្មួញលួចនាំចូលយក មកធ្វើប្រហិតឬក៏ធ្វើសាច់អាំងលក់ក្នុងតម្លៃថោកៗ រីឯទឹកមេតាណុលគឺឈ្មួញយកមកលក់ សម្រាប់គេទិញយកទៅលាយធ្វើស្រាលក់ដែលកន្លងមកដោយសារតែស្រាលាយមេតាណុលខាងលើនេះអ្នកលាយគ្មានច្បាប់គ្មាន ជំនាញត្រឹមត្រូវបានធ្វើអោយប្រជាពលរដ្ឋទិញយកទៅទទួលទានពុលស្លាប់ជាបន្តបន្ទាប់ដូចជាថ្មីៗនេះនៅខេត្តក្រចេះជាដើម។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះរថយន្តក្រុងដឹកអ្នកដំណើររត់ទៅប្រទេសវៀតណាម ឬក៏រត់ទៅដល់ព្រំដែនដូចជាបាវិតប៉ោយប៉ែតជាដើម ក្រៅពីដឹកអ្នកដំណើរ ពួកគេបានរកស៊ីដឹកទំនិញគេចពន្ធ ទំនិញល្មើសច្បាប់ ដោយសារតែពួកគេឃុបឃិតគ្នាជាមួយសមត្ថកិច្ចនៅ មាត់ច្រកនិងនៅតាមផ្លូវ។ ជាក់ស្ដែងដូចជាករណីឈ្មួញលួចនាំចូលទំនិញប្រភេទគ្រឿងហូបចុក ល្មើសច្បាប់និងសង្ស័យខូចគុណភាព រួមទាំងទំនិញល្មើសច្បាប់តាមមាត់ច្រកទ្វារអន្តរជាតិ បាវិតខាងលើបើគ្មានការឃុបឃិតគ្នាយកលុយដាក់ហោប៉ៅទេកុំសង្ឃឹមថាទំនិញ ទាំងអស់នេះជិះរថយន្តក្រុង ចូលដល់កណ្ដាលរាជធានីភ្នំពេញបានដោយងាយស្រួលអោយសោះ។ សូមកុំភ្លេចថានៅមាត់ច្រកទ្វារព្រំដែន
និងនៅតាមផ្លូវសុទ្ធតែមានមន្ត្រីជំនាញកាំកុងត្រូលនិងពេទ្យសត្វដាក់ពង្រាយត្រួតពិនិត្យអោយរដឹកតែមន្ត្រីទាំងនោះភាគច្រើនត្រួតពិនិត្យ ឃើញតែលុយប៉ុណ្ណោះ។ចំណែកទំនិញល្មើសច្បាប់ទំនិញប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់មើលមិនឃើញនោះទេ៕