(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង និងជាតំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ យី សុខធី ការិយាល័យរងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលធ្លាប់មានស្នាដៃល្អ ចូលរួមចំណែកក្នុងការបង្ការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ ក៏ដូចជាហឹ្វកហាត់មន្ត្រីនគរបាល ដែលទទួលមរណភាពដោយរោគាពាធ បំពាក់ឋានន្តរស័ក្តិមច្ឆាមរណៈ និងនាំបច្ច័យជូនក្រុមគ្រួសារសព។
ការចូលរួមគោរពវិញ្ញក្ខន្ធសពនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ និងមានការចូលរួមពីសំណាក់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ព្រមទាំងមន្ត្រីនគរបាលរួមអាជីពជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បាននាំយកថវិការបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ២លានរៀល, ថវិការបស់ឧត្តមសេនីយឯក ស ថេត ចំនួន ២លានរៀល, អង្គរចំនួន ២ប៉ាវ, ទឹកផ្លែឈើចំនួន ៥កេះ និងទឹកសុទ្ធចំនួន ៧កេះ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានចូលបុណ្យសពថវិកាចំនួន ៤០ម៉ឺនរៀល, ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន៣លាន ៣០ម៉ឺនរៀល និងទឹកសុទ្ធចំនួន ៨កេះ ដើម្បីប្រគល់ជូនគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ក្នុងនាមតំណាងឧត្តមសេនីយ៍ឯក ស ថេត បានសម្តែងនូវសមានចិត្តចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំ បំផុតជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ យី សុខធី និងបានចាត់ទុកការបាត់បង់នេះ គឺជាការបាត់បង់មន្រ្តីនគរបាលគំរូម្នាក់ ដែលតែងតែបានចូលរួមចំណែកក្នុងសកម្មភាពបំរើជាតិ មាតុភូមិនាំប្រទសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពល្អ។
នាក្នុងឱកាសដ៏សែនអាលោះអាល័យនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានបួងសួងសូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យី សុខធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕