(តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងប្រឈមនឹងការខ្វះទឹកហូប និងប្រើប្រាស់ចំនួន៣០៨គ្រួសារ ត្រូវបានកម្លាំងនគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដឹកទឹកយកទៅចែកជូននៅភូមិសាយសាម៉ន ភូមិដំណាក់ព្រះអង្គ ឃុំចំណោម ស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ដោយសារគ្រោះរាំងស្ងួតអូសបន្លាយយូរពេលនាកណ្តាល រដូវវស្សាឆ្នាំ២០២០នេះ ហើយនៅតែគ្មានភ្លៀង រួមនឹងឥទ្ធិពលនៃការឡើងកំដៅផែនដីបម្រែបម្រួលអាកាសធាតុទៀតទើបធ្វើក្តៅហួតហែងរាំងស្ងួតខ្លាំង។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា លោកបានយករថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ក្នុងនោះមានរបស់ស្នងការដ្ឋានខេត្ត៣គ្រឿង របស់អធិការដ្ឋានស្រុកមង្គលបូរី១គ្រឿង និងរបស់នាយឧត្តមសេនីយ៍ ខេង សាម៉េធ អគ្គស្នងការរងនគរបាលជាតិ១គ្រឿង បានដឹកទឹកជាច្រើនជើងសរុបចំនួន១១៥,៥០០លីត្រ ទៅចែកជូនពលរដ្ឋដែលត្រូវការបរិភោគ និងប្រើប្រាស់ ទឹកទាំងនោះគឺយកពីស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបូរី និងស្រះធំមួយ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា នៅពេលខាងមុខនេះភ្លៀងពន្យាពេលធ្លាក់មកទៀតនោះ ប្រជាពលរដ្ឋក្នុងខេត្តប្រាកដប្រឈមនឹងការខ្វះទឹកប្រើប្រាស់ខ្លាំងមិនខានឡើយ៕