(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បានធ្វើឲ្យតំបន់ខ្លះនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ជាក់ស្តែងផ្ទះរបស់យោធិនពិការនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ប្រមាណជិត៤០ខ្នង ដោយការជន់លិចដោយសារទឹកភ្លៀង ក៏ដូចជាតំបន់មួយចំនួនទៀតផងដែរ។
តាមការបញ្ជាក់ពីយោធិនពិការនៅទីនោះ ប្រាប់ឲ្យដឹងថា កាលពីវេលម៉ោងប្រហែល៩ យប់ថ្ងៃទី៦ ខែសីហាមានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតដល់ម៉ោង២ ឈានចូលថ្ងៃទី៧ ខែសីហា បានធ្វើឲ្យផ្ទះរបស់គាត់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ រួមនឹងផ្ទះយោធិនពិការប្រមាណជិត ៤០ខ្នងបានរងការលិច។
លោកវរសេនីយ៍ទោ សុខ ស្រេង នាយរងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ក៏បានប្រាប់ថា ភ្លៀងធ្លាក់បានធ្វើឲ្យផ្ទះយោធិនពិការប្រមាណ៤០ខ្នង រងការជន់លិច ក្នុងចំណោមផ្ទះយោធិនការសរុបជិត៤០០ខ្នង។
ទឹកដែលជន់លិចនេះបានហូមកពីផ្នែកខាងលើ មកដល់ផ្លូទី៥នេះ បានធ្វើឲ្យលិចផ្ទះយោធិនខាងលើនេះតែម្តង ដោយលូមានមុខកាត់តូច ហូរមិនទាន់។
លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានឲ្យដឹងថា ចំពោះកាលពីយប់ថ្ងៃទី៦ ភ្លៀងបានធ្លាក់គ្របដណ្តប់ទូទាំងស្រុកស្វាយចេកទាំង៨ ឃុំ ក្នុងនោះនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ គឺរងផលប៉ះពាល់បានលិចផ្ទះ យោធិនពិកាប្រមាណ ៤០ខ្នង ហើយវាក៏បានស្រក់ជាបណ្តើរៗហើយផងដែរ ។
ទន្ទឹមនឹងនោះ ចំពោះផលដំណាំពលរដ្ឋមិនមានការគំរាមកំហែងពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះទេ។
ក្នុងនោះលោកអភិបាលស្រុក ក៏បានធ្វើការសំណូមដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ននៅពេលមេឃរកកល់ចង់ភ្លៀង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដូចជាផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលតែងតែកើតមាន។
លោក លឿង សុភក្តិ បន្ថែមថា អាជ្ញាធរស្រុកបានធ្វើការត្រៀមនូវសម្ភារចាំបាច់ដូចជាថ្នាំដង្កូវស្បៀងផ្សេងៗ សម្រាប់ជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់ នៅពេលមានទឹកជំនន់៕