(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ង៉ុយ ហាក់ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភរិយា ព្រមទាំងលោកស្រី ហុង គឹមលាង និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក ង៉ុយ ហាក់ និងភរិយា ព្រមទាំងលោកស្រី ហុង គឹមលាង និងក្រុមគ្រួសារ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ២០លានរៀល ជូនដល់កាកបាទក្រហមខេត្ត ដើម្បីទុកជាជំនួយសម្បុរសជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងទីទ័លក្រនៅក្នុងខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ង៉ុយ ហាក់ បានថ្លែងពីចំណាប់អារម្មណ៍ និងការកត់សម្គាល់របស់លោកលើទស្សនៈរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មានការសាទរច្រើនចំពោះវត្តមានរបស់លោក គួច ចំរើន នៅក្នុងខេត្តព្រះសីហនុ។ ការសាទរបន្ទាប់ពីលោកអភិបាលខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការអភិវឌ្ឍខេត្ត ព្រមទាំងដោះស្រាយបញ្ហាទាំងឡាយ ដែលកើតមានចំពោះប្រជាពលរដ្ឋនៅក្នុងខេត្ត។
សូមបញ្ជាក់ថា អំណោយដែលលោក ង៉ុយ ហាក់ បានយកជូនកាកបាទក្រហមខេត្តព្រះសីហនុព្រឹកមិញនេះ រួមមាន៖ អង្ករ ៥តោន, មី ២០កេះធំ, ត្រីខ ២០កេះធំ, ទឹកសុីអុីវ ៦០យួ, ទឹកត្រី ៦០យួរ៕