(ភ្នំពេញ)៖ ម៉ាស៊ីនវាស់សីតុណ្ហភាព បច្ចេកវិទ្យាឈានមុខគេ ដោយវាស់កំដៅតាមរយៈកញ្ចក់ថតស្កែននៅលើផ្ទៃមុខ និងខ្លួនប្រាណដ៏ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន យ៉ូរ៉ូប៉ា វីហ្សិន បានប្រគល់ជូនក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងមានការចូលរួមពី លោក ដេនញៀល លី ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនយូរ៉ូប៉ាវីហ្សិនផងដែរ។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងពីយុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលកម្ពុជា មាននិងកំពុងអនុវត្តដើម្បីការពារ ទប់ស្កាត់ ការចម្លងមេរោគកូវីដ១៩ ទៅដល់សហគមន៍។
ជាមួយគ្នានោះលោក ដេនញៀល លី ប្ដេជ្ញាចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ជាពិសេស ក្រុមហ៊ុនបច្ចេកវិទ្យារបស់លោកនេះ ក៏កំពុងជួយដល់អាជីវកម្មនានា និងរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបច្ចេកវិទ្យាចុងក្រោយ ក្នុងការវាស់សីតុណ្ហភាពរាងកាយមនុស្សយ៉ាងងាយស្រួល តាមកញ្ចក់ថត ដែលអាចចាប់រូបមនុស្សបានចម្ងាយ ៦ម៉ែត្រ។
លោកបន្ដថា កាមេរ៉ានៃម៉ាស៊ីននេះ អាចថតមនុស្ស ១០០នាក់យ៉ាងងាយស្រួល និងសុក្រឹតត្រឹមត្រូវក្នុងមួយនាទី ហើយនឹងអាចបន្លឺសំឡេងរោទិ៍ ប្រសិនបើមនុស្សនោះត្រូវបានគេរកឃើញថាមានសីតុណ្ហភាពមិនប្រក្រតី។ លើសពីនោះ ក៏មានបញ្ចូលភាសារខ្មែរទៅក្នុងប្រព័ន្ធនៃម៉ាស៊ីនេះ ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
លោកលី បានឱ្យទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុន យូរ៉ូប៉ាវីហ្សិន បានចាប់ផ្តើមអនុវត្តដំណោះស្រាយចំពោះធនាគារធំៗ សាលារៀនអន្តរជាតិសាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មកំសាន្ត។
ម៉ាស៊ីននេះ នឹងផ្តល់នូវមធ្យោបាយដ៏ងាយស្រួល គឺអាចចល័តបានទាំងស្រុង ហើយត្រូវការការថែទាំតិចតួច។ ឧបករណ៍នេះ នឹងផ្ដល់នូវសុវត្ថិភាព កាត់បន្ថយថ្លៃចំណាយក្នុងការប្រើប្រាស់នូវកម្លាំងមនុស្ស ពិសេសកាត់បន្ថយការចម្លង និងរក្សាគម្លាតបុគ្គល។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា នេះជាជ័យជម្នះមួយលើខ្មាំងសត្រូវដែលមើលមិនឃើញ ជាពិសេស វាជាផ្នែកមួយចូលរួមចំណែក នៅក្នុងរក្សាសុវត្ថិភាពនៅក្នុងសហគមន៍ផងដែរ៕