(ពោធិ៍សាត់)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ។
លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរាយការណ៍ដោយសង្ខេបអំពីគម្រោង ដែលមានខ្លឹមសារដូចតទៅ៖ គម្រោងស្តីពី «ការពង្រីកបច្ចេក ទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA» គឺជាអនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលគំាទ្រថវិកាដោយមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍកសិកម្ម (IFAD) និងរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សហការអនុវត្តជាមួយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR) ដែលជាដៃគូប្រតិបត្តិនៅមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍ និងបរិស្ថាននៃសាកលវិទ្យាល័យប៊ើនប្រទេសស្វីស។ គម្រោង SUCRA មានគោលបំណង៖
ទី១៖ បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករខ្នាតតូចដែលងាយរងគ្រោះ តាមរយៈការជំរុញឲ្យកសិករអនុវត្តគំរូល្អៗ នៃប្រព័ន្ធកសិកម្មចំរុះ
ទី២៖ ធ្វើឲ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
ទី៣៖ បង្កើនប្រាក់ចំណូល និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី
ទិ៤៖ លើកកម្ពស់ចំណេះដឹង អំពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងអំពីមធ្យោបាយដែលធ្វើឲ្យសម្រេចបាន ភាពធន់ប្រកបដោយចីរភាព។
គម្រោងអនុវត្តក្នុងភូមិគោលដៅចំនួន២៣នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមានប្រជាកសិករទទួលផលផ្ទាល់ ពីគម្រោងសរុបចំនួន១,៥០០គ្រួសារ។ ដោយទ្បែក សម្រាប់ខេត្តពោធិ៍សាត់ មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន ៧៥០គ្រួសារ។
លោក ម៉ៅ ធនិន បានមានចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់លើលទ្ធផល នៃការអនុវត្តគម្រោង ដូចអ្វីដែលលោកសាកលវិទ្យាធិការ បានរាយការណ៍ជូនជ្រាបខាងលើ។ លោកក៏បានជម្រាបជូនពិធីអំពីសក្តានុពលវិស័យកសិកម្ម នៅមូលដ្ឋានរបស់លោកផងដែរ ដោយមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន បើទោះបីស្ថានភាពសេដ្ឋកិច្ច ជារួមកំពុងជួបបញ្ហា ដោយសារជំងឺឆ្លងកូវីដ-១៩។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត បានផ្តល់ការគាំទ្រពេញទំហឹងចំពោះ រាល់សកម្មភាពដែលជួយឧបត្ថម្ភគាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងមូលដ្ឋានរបស់លោកតាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងឈានជាជំហានៗ ទៅធ្វើការនាំចេញនាពេលអនាគត។
លោករដ្ឋមន្ត្រី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនខេត្តពោធិ៍សាត់ ពិសេសបងប្អូន ក្នុងស្រុកតាលោសែនជ័យ ដែលកំពុងញាប់ដៃ ញាប់ជើងក្នុងការខិតខំប្រឹងប្រែង លើការងារបង្កបង្កើនផល ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។
លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ ដែលគម្រោងសម្រេចបាន ជាក់ស្តែងក្រៅពីការបណ្តុះបណ្តាល ចំណេះដឹង ទាក់ទងការចិញ្ចឹម និងដាំដុះដូចបានរៀបរាប់ជូន ដោយលោកសាកលវិទ្យាធិការ គម្រោងបាននិងកំពុងផ្តល់ធាតុចូលមួយចំនួន ដល់កសិករគោលដៅចំនួន ៧៥០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដែលរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១,៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១,១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥,៩១៣ក្បាល ចំណីមាន់ចំនួន៣៧បាវ ចំណីត្រីចំនួន៥០បាវ និងជីធម្មជាតិចំនួន៤២បាវ។
លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន «មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ»។
ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយបានដាក់ចេញនូវវិធានការ ចាំបាច់សំខាន់ៗមួយចំនួនចំពោះមុខ ដើម្បីចូលរួមថែរក្សាការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារ តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពផលិត និងចិញ្ចឹមតាមគ្រប់រូបភាព។
សកម្មភាពទាំងអស់នេះ ទទួលបានការគាំទ្រទាំងកំលាំងចិត្ត ស្មារតី និងជាពិសេសថវិកាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ចំនួន២,០០០លានរៀល សម្រាប់ពង្រីកវិស័យវារីរប្បកម្ម។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ លើការអនុវត្តគម្រោងនេះ និងជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានគិតគូយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗ ដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់យកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែង នាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់។
ចំពោះការងារបច្ចេកទេស និងធ្វើយ៉ាងណាឲ្យគម្រោងមាននិរន្តរភាព លោករដ្ឋមន្ត្រី បានណែនាំឲ្យនាយកគ្រប់គ្រងគម្រោង មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ត្រូវបន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល និងអនុវត្តបច្ចេកទេស លើការងារចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំសត្វ និងដំណាំ ហើយជាងនេះទៅទៀត និងសូមចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ (អរគុណសន្តិភាព)៕