(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាលរងធនាគារកណ្តាល និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ តាមរយៈប្រព័ន្ធ Virtual ក្រោមការរៀបចំរបស់សហប្រធានជប៉ុន និងវៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើ៖
១៖ ការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់តាមរយៈការអភិវឌ្ឍអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងការពង្រឹងកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)។
២៖ ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់ប្រទេសក្នុងតំបន់។
៣៖ កិច្ចសហការដទៃផ្សេងទៀតក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាដើម។
នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ត្រូវបានរំពឹងនឹងថយចុះមកនៅត្រឹម ០.២% ហើយអាចនឹងងើបឡើងមកវិញដល់ ៦% នៅឆ្នាំ២០២០ (ការប៉ាន់ស្មានរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ AMRO)។
ហានិភ័យចម្បងៗចំពោះតំបន់រួមមាន៖
១៖ ការកើនឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩។
២៖ ភាពអូសបន្លាយនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក។
៣៖ ការកើនឡើងវិញនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម។ល។
ស្ថិតក្នុងបរិការណ៍នេះ អង្គប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តគោលនយោបាយជំរុញ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការរីករាលដាលជំងឺកូវីដ១៩។
អង្គប្រជុំក៏បានប្តេជ្ញាពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ជាពិសេសលើការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ ការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ និងការបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសសមាជិក ឱ្យកាន់តែសកម្មថែមទៀត៕