(ភ្នំពេញ)៖ ជនរងគ្រោះម្នាក់ បានសំណូមពរយ៉ាងទទូច ដល់សាលាឧទ្ធរណ៍តំបន់បាត់ដំបង ជួយរកយុត្តិធម៌ឲ្យផង ក្រោយសាលាដំបូងខេត្តសៀមរាប ចេញដីកាតម្កល់រឿងទុកឥតចាត់ការ រឿងក្តីរថយន្ត Lexus LX 470 របស់គាត់មួយគ្រឿង ទោះបីជាមានភស្តុតាងគ្រប់គ្រាន់ក៏ដោយ។

សំណូមពររបស់ជនរងគ្រោះឈ្មោះ ស ឡៃ បានធ្វើឡើងបន្ទាប់ពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីកាតម្កល់រឿងទុកឥតចាត់ការ លើជនសង្ស័យចំនួន ៤នាក់ រួមមានឈ្មោះ៖ ភិន លាងហៃ, ភិន លាងស្រ៉ី, ឈឹម សាមួន និងឈ្មោះ ទន់ ធា ពាក់ព័ន្ធនឹងករណីបាត់រថយន្តមួយគ្រឿងម៉ាក Lexus LX 470 ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ 2N-9922 ។

លោក ស ឡៃ ពុំ សុខចិត្តនឹងការសម្រេចតម្កល់រឿងទុកឥតចាត់ការ របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបនោះទេ និងបានប្តឹងទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបង ដើម្បីឲ្យជួយរកយុត្តិធម៌។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ស ឡៃ បានឲ្យដឹងទៀតថា មូលហេតុ ដែលលោកជាម្ចាស់រថយន្តមិនសុខចិត្ត ហើយប្តឹងទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបងនោះ ព្រោះលោកអះអាងថា ឈ្មោះ ភិន លាងហៃ បានយករថយន្តរបស់ជនរងគ្រោះ ទៅលាក់ទុកនៅលើដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិចំបក់ធំ ឃុំកំពង់ក្តី ស្រុកជីក្រែក ខេត្តសៀមរាប ដែលដីឡូតិ៍នេះ ជាកម្មសិទ្ធិរបស់ ភិន លាងស្រ៉ី ដោយមានឈ្មោះ ទន់ ធា និងឈ្មោះ ធន់ សាមួន ជាអ្នកគ្រប់គ្រង។

ម្យ៉ាងទៀត ស្ថានភាពរថយន្តនៅពេលនោះ មានចំណុចច្រើនដែលគួរឲ្យសង្ស័យ ព្រោះរថយន្តរបស់ជនរងគ្រោះ ត្រូវបានគេដោះស្លាកលេខចេញ និងត្រូវបានគេបកឯកសារផ្សេងៗ ដែលបិទជាប់នឹងកញ្ចក់រថយន្តចេញទាំងអស់ ដូចជាពន្ធផ្លូវ ពន្ធនាំចូល (កន្ទុយម្ញ៉ែត) វិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) ជាដើម។ បន្ថែមលើនេះ រថយន្តមានសភាពចាស់ខ្លាំង ហើយត្រូវបានគេបាញ់ថ្នាំដូរពណ៌យ៉ាន់ និងបែកកង់ថែមទៀត។

រៀបរាប់បណ្តើរបង្ហាញ ឯកសារនានាជាច្រើន ជនរងគ្រោះដដែល បានបន្តថា «ជាពិសេស ជនសង្ស័យបានទិញរថយន្តនេះ ក្នុងតម្លៃត្រឹមតែ ១៤,៥០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតម្លៃនេះទាបជាងតម្លៃទីផ្សារនាពេលនោះ។ ជាមួយគ្នានេះដែរ ជនសង្ស័យមិនព្រមប្រគល់រថយន្តនោះ ឲ្យមកជនរងគ្រោះវិញដោយស្ម័គ្រចិត្តទេ ថែមទាំងបំផ្លិចបំផ្លាញរថយន្ត របស់ជនរងគ្រោះទៀតផង»

លោក ស ឡៃ ដែលជាម្ចាស់រថយន្ត Lexus LX 470 ដូចបានរៀបរាប់ខាងលើ សំណូមពរដល់សាលាឧទ្ធរណ៍តំបន់បាត់ដំបង មេត្តាជួយរកយុត្តិធម៌ ឲ្យខ្លួនដែលជាជនរងគ្រោះ និងសូមឲ្យតុលាការជួយវែកមុខរកជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា អង្គហេតុដែលនាំឲ្យមានសំណុំរឿង ដែលអូសបន្លាយជាង ២ឆ្នាំមកហើយនេះ ដោយសារកាលពីឆ្នាំ២០១៨ ជនរងគ្រោះបានដាក់ជួលរថយន្តខាងលើ ទៅឲ្យបុគ្គលម្នាក់ឈ្មោះ រ៉ាន់ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ។ បន្ទាប់ពីជួលបានមួយរយៈ រ៉ាន់ បូរ៉ា បានយករថយន្តនោះទៅលក់ឲ្យអ្នកដទៃ ហើយប្រាប់លោក ស ឡៃ ដែលជាម្ចាស់រថយន្តថា រថយន្តនោះត្រូវបានចោរលួចបាត់ទៅហើយ។ ដោយឡែក ភាគីពាក់ព័ន្ធដែលជាជនសង្ស័យ ដូចបានរៀបរាប់ខាងលើ គឺជាអ្នកទទួលទិញផលចោរកម្ម៕

សូមអានពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបងខាងក្រោម៖