(បន្ទាយមានជ័យ)៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង គ្រោងជួយប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយទឹកជំនន់ និងសម្រាប់ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផល។
គម្រោងជួយផ្នែកប្រព័ន្ធធារាសាស្ត្រ ជូនដល់ខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងកិច្ចពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដល់ ប្រជាពលរដ្ឋដោយសារគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ដែលជាគម្រោងរបស់សាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីកសាងប្រព័ន្ធធារាសាស្ត្រ ជាគម្រោងកាត់បន្ថយទឹកជំនន់ និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផល។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅដើមឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ ដោយមានគ្រោះរាំងស្ងួតត្រូវបានអូសបន្លាយមានស្រុក ក្រុងមួយចំនួនបានប៉ះពាល់ស្រូវ និងខូចខាតប្រមាណជាង ៧,០០០ហិតា រដ្ឋបាលខេត្ត និងមន្ទីជំនាញកំពុងយកចិត្តទុកដាក់នឹងរកដំណោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហាគ្មានទឹកបូមបញ្ចូលស្រែ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានថ្លែងអំណគុណចំពោះម្ចាស់គម្រោងកូរ៉េ ដែលបានគ្រោងជួយប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយទឹកជំនន់ និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់ បង្កបង្កើនផល និងផ្តល់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ។
លោក អ៊ឹម សិទ្ធីរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់បានលើកឡើងថា កិច្ចប្រជុំស្តីពី ការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយសារគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ដែលត្រូវអនុវត្តការងារផលប៉ះពាល់នៅពេលដែលគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបន្ទាយមានជ័យ៕