(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនរួមមានលោកឧកញ៉ា ឌី បញ្ញា លោកឧកញ៉ា លឹម ប៊ុនសេង លោកឧកញ៉ា ស៊ុន ប៊ុនហេង លោក សេង ឡូត លោក នេត្រ ចំណាប់ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការឧបត្ថម្ភសម្ភារ និងថវិកាដើម្បីផ្តល់លទ្ធភាពឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌ ផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស។
លោកឧកញ៉ា ឌី បញ្ញា តំណាងសប្បុរសជន បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមដែលបានផ្ដល់ឱកាស ឲ្យលោកបាននិងសប្បុរសជន ចូលរួមសកម្មភាព មនុស្សធម៌ជាមួយសមាគម TYDA បង្កើនលទ្ធភាពជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្ភារបរិក្ខាពេទ្យ និងថវិកាមួយចំនួនរួមមាន ៖ Gel លាងដៃ ចំនួន ១៤០ ដប អាកុលចំនួន ១២០ដប និង ២០ កាន ម៉ាស់ចំនួន ២៥០ ប្រអប់ អង្ករចំនួន ៥,០០០ គីឡូក្រាម ថវិកាចំនួន ២០,០០០,០០០ រៀល ត្រូវបានធ្វើពិធីប្រគល់ទទួលក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជននៅទីស្នាក់ការកណ្ដាលសមាគមនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០៕