(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្ទេរការគ្រប់គ្រងរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើឡើងនៅរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីលោក គឹម ទូច រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ស៊ឹម ស៊ីថា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ។
លោក ប៉ិញ វុត្ថា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្រោយពីខេត្តត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម រោងចក្រផលិតទឹកស្អាតខេត្ត បានសាងសង់រួចរាល់ក្នុងអំឡុង ចុងខែធ្នូ ឆ្នាំ២០១៧ និងចាប់ផ្តើមដាក់ដំណើរការសាកល្បង ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចផ្គត់ផ្គង់ទឹកស្អាតដល់សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត និងផ្ទះស្នាក់នៅមន្ត្រីរាជការ សរុបប្រមាណ៨០០កន្លែង។
លោកបន្តឲ្យដឹងថា ចាប់ពីខែឧសភាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មន្ទីរបានភ្ជាប់នាឡិកាបានចំនួន៣២០មុខដំណរ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ ៩៦,០៤៣ម៉ែត្រគូប។
ក្នុងឱកាសនោះ លោក ស៊ឹម ស៊ីថា បានសម្តែងនូវក្តីរីករាយ ដែលក្រសួងបានផ្តល់ទំនុកចិត្តលើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្តល់លទ្ធភាពក្នុងការគ្រប់គ្រងបន្ត ដើម្បីពង្រីកវិសាលភាពប្រព័ន្ធទឹកស្អាត នៅទីរួមខេត្តត្បូងឃ្មុំនេះ។
លោកបានបង្ហាញនូវគោលដៅជំហានជាបន្តបន្ទាប់ លើការងារពង្រីកការតបណ្តាញ និងផ្គត់ផ្គង់ទឹកស្អាតឲ្យរួចក្នុងឆ្នាំ២០២៣ ជូនពលរដ្ឋប្រមាណ ៥០០០គ្រួសារ ក្នុងឃុំចំនួន០៦ ក្នុងស្រុកត្បូងឃ្មុំ នៃទីរួមខេត្ត ដែលចំណាយទំហំទឹកប្រាក់អស់ប្រមាណ ០២លានដុល្លារ។
លោក គឹម ទូច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តត្បូងឃ្មុំ ដែលបានខិតខំបំពេញភារកិច្ច បានយ៉ាងល្អនាពេលកន្លងមក លើការងារផលិតទឹកស្អាត ការតបណ្តាញ និងផ្គត់ផ្គង់ទឹកស្អាតជូនគ្រប់ស្ថាប័ន និងមន្ត្រីរាជការជុំវិញខេត្ត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្នុងមន្ទីរទាំងអស់ ចាំបាច់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួត, បន្តសហការឲ្យបានល្អជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរជុំវិញខេត្ត, មានគណនីភាព តម្លាភាព រួមគ្នាអនុវត្តន៍ការងារឲ្យមានប្រសិទ្ធ ដើម្បីស្រូបយកសមាណចិត្ត ទំនុកចិត្តពីប្រជាពលរដ្ឋ។
សូមជម្រាបថា៖ ការផ្ទេរគ្រប់គ្រងនេះ ក្នុងគោលបំណងសម្រេចបាននូវគោលដៅទី០៦ នៃគោលដៅសម្រេចបាននូវចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីទឹកស្អាតនិងអនាម័យ ដែលកំណត់ថា «ប្រជាជនរស់នៅតាមទីក្រុង និងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត ១០០% ក្នុងឆ្នាំ២០២៥» ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានធនធានមនុស្ស និងទុនគ្រប់គ្រាន់ ដើម្បីសម្រេចទៅតាមផែនការគោលដៅ៕