(ភ្នំពេញ)៖ ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែង ពីស្ថានភាពផ្លូវបេតុងលេខ២០០R ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ឃើញថាមានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០២០ លោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចាត់ឲ្យការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ នាំយកសម្ភារសំណង់ មានថ្មគ្រោះ ខ្សាច់ និងស៉ីម៉ង់ ផងដែរ ទៅធ្វើការជួសជុលលប់បំបាត់ចោលភ្លាមៗ ដើម្បីបង្កាទប់ស្កាត់ ទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងបង្កាកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ក្នុងការរួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ។
លោក ជា ពិសី បានឲ្យដឹងផងដែរថា ការចាក់បេតុងលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ក្នុងការបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។
បើតាមលោក ជា ពិសី ក្រោយពីជួសជុលជាបន្តបន្ទាប់នូវផ្លូវ ដែលរងការខូចខាតកើតជា (សំបុកមាន់) នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ គឺមិនត្រឹមតែអាចចូលរួមជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរនោះទេ, ថែមទាំងបានចូលរួមចំណែកក្នុងការកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕