(ភ្នំពេញ)៖ ម្ចាស់រថយន្ដ Prius ជាអ្នករត់តាក់ស៉ីពេលរាត្រី ដែលត្រូវរថយន្ដ Land Cruiser ពាក់ផ្លាកលេខភ្នំពេញ 2AW-2099 ដេញបុកទាំងកម្រោលយ៉ាងរន្ធត់នោះ បានសម្រេចដាក់ពាក្យ បណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយប្ដឹងពីបទ «ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស»។
យោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ជនរងគ្រោះឈ្មោះ ផន សុភ័ក្ដ្រ បានដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះ ញ៉ សុខហេង មានទីលំនៅផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយបើករថយន្ដដេញបុករបស់ខ្លួន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ក្នុងពាក្យបណ្ដឹងក្រៅពីសុំឲ្យសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ហើយនោះ ជនរងគ្រោះ ផន សុភ័ក្ដ្រ បានសំណូមពរទាមទារសំណងខូចខាតរថយន្ដ ចំនួន១២,០០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន៣០,០០០ដុល្លារ។
គួរជម្រាបថា បុរសអ្នករត់តាក់ស៉ីម្នាក់ បានបញ្ចេញវីដេអូបើករថយន្ដដេញបុកទាំងកំរោលពីសំណាក់បុរសម្នាក់នៅខណ្ឌទួលគោក បណ្ដាលឲ្យរថយន្ដរបស់ខ្លួន រងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ប៉ុន្ដែរហូតមកដល់ពេលនេះ អស់រយៈពេលជាង១០ថ្ងៃមកហើយ ជនបង្កមិនបានចូលខ្លួនមកដោះស្រាយ ទទួលខុសត្រូវចំពោះផ្លូវច្បាប់នោះទេ។
ក្រៅពីបានដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ជនរងគ្រោះដែលជាម្ចាស់រថយន្ដ Prius និងមានមុខរបរជាអ្នករត់តាក់ស៉ីនៅពេលរាត្រី បានស្នើសុំឲ្យអង្គភាពព័ត៌មាន Fresh News សុំឲ្យជួយចុះផ្សាយដើម្បីដឹងដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ និងដោះស្រាយករណីនេះជូនលោក ក្រោយពីជនបង្កមិនបានចូលខ្លួនមកដោះស្រាយទាល់តែសោះ។
លោក ផន សុភ័ក្រ្ត ដែលជនរងគ្រោះបានរៀបរាប់ពីព្រឹត្តិការណ៍នេះ ដល់បណ្ដាញព័ត៌មាន Fresh News ថា កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងរំលងអធ្រាត្រ លោកត្រូវបាននារីម្នាក់ហៅទៅដឹកនៅក្បែរហាងសាច់គោអាំង «ហេងហេង»។ ពេលលោកបើកទៅដល់ក្បែរហាងចម្ងាយប្រហែល២០ម៉ែត្រ ដើម្បីរង់ចាំពីនារីម្នាក់នោះ ក៏ត្រូវបាននាងប្រាប់ថា ចេញមិនរួចដោយត្រូវបានគេចាក់សោរជាប់ ហើយលោកក៏រៀបចំបើករថយន្ដចេញ។
ប៉ុន្ដែភ្លាមៗនោះស្រាប់តែអ្នកបើករថយន្ដ Land Cruiser មកបុកចំពីមុខលាន់យ៉ាងខ្លាំង។ ភ្លាមនោះលោកបានបើករថយន្ដរត់ ប៉ុន្ដែត្រូវជនបង្កបើកដេញតាមទៅបុកមួយតង់ទៀត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ រហូតរថយន្ដបង្កជ្រុះផ្លាកលេខនៅកន្លែងកើតហេតុទៀតផង។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ដែលជនរងគ្រោះបង្ហាញឃើញថា ខណៈដែលជនរងគ្រោះកំពុងឈប់រថយន្ដ ស្រាប់តែរថយន្ដ Land Cruiser មកបុកចំពីមុខយ៉ាងខ្លាំងអូសប៉ុន្មានម៉ែត្រ រួចអ្នកបើករថយន្ដ Prius បានបើកគេច តែត្រូវរថយន្ដ Land Cruiser បើកដេញតាមទៅបុកនៅគោលដៅទី២ មុននឹងបើកគេចខ្លួនតែម្ដង៕