(ស្វាយរៀង)៖ ស្ត្រីម្នាក់គេចាត់ទុកជាវីរៈនារីអង្គភាពដោះមីន ខេត្តស្វាយរៀង ឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុក្ខជាទម្ងន់ ដោយរូបអ្នកស្រីមានជំងឺស្ពឹកមួយចំហៀងខ្លួន ទៅណាលែងរួចនៅតែលើគ្រែ ចំណែកស្វាមីលោក ភោគ សំអុល អាយុ៧០ឆ្នាំ មានជំងឺលើសឈាម ទឹកនោមផ្អែម ឈានដល់ដំណាក់កាលចុងក្រោយ ត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ចំពោះមុខភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ អ្នកស្រី គង់ សារឿន បានលើកដៃសំពះអំពាវនាវរកសប្បុរសជន មេត្តាជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងថវិកាជួយសង្គ្រោះជីវិតស្វាមី និងរូបគាត់ដោយអនុគ្រោះនៅជីវិតចុងក្រោយនេះផង។
អ្នកស្រី គង់ សារឿន បានរៀបរាប់ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានស្ម័គ្រចិត្តចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម័យសង្គ្រាម ជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេ គឺដោះមីនរយៈពេល១៣ឆ្នាំ រហូតដល់ឆ្នាំ១៩៩២ ទើបរដ្ឋាភិបាលរំសាយអង្គភាពដោះមីន។
អ្នកស្រីបន្តទៀតថា នៅក្នុងរយៈពេល១៣ឆ្នាំ ធ្វើការដោះមីននោះរដ្ឋាភិបាល បានផ្តល់គ្រឿងឥសរិយយស់ចំនួន០៦គឺទី១៖ មេដាយយុទ្ធជនប្តេជ្ញាឈ្នះ១គ្រឿង, ទី២៖ មេដាយការពារមាតុភូមិមួយគ្រឿង, ទី៣៖ មេដាយយុទ្ធជ័យថ្នាក់ទី២មួយគ្រឿង, ទី៤៖ មេដាយវីរៈជន១គ្រឿង, ទីទី៥៖ មេដាយស្ថាបនាឌិន១គ្រឿង និងទី៦៖ ព្រះមហាក្សត្របានព្រះរាជប្រទាន មេដាយ១គ្រឿង។
ដោយឡែកនៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង់ផ្ទះឱ្យ១ខ្នង តាមរយៈលោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ផ្ទះសង់អំពីឈើ ប្រក់សង្ហ័សី ជញ្ជាំងក្តា ទំហំ៥ម៉ែត្រ គុណ៩ម៉ែត្រ រហូតមកដល់បច្ចុប្បន្ន គឺចាស់ទ្រុឌទ្រោមបន្តិចហើយ ប្រេះបែកជើងតាងអស់ហើយ ពេលមានភ្លៀងផ្គរខ្យល់កន្ត្រាក់ គឺមិនហ៊ាននៅលើផ្ទះទេ ចាំមកនៅខ្ទមខាងក្រៅផ្ទះ។
គាត់មានស្វាមី មានកូន០៣នាក់ ស្រី២នាក់ មិនបានរៀនសូត្រចេះជ្រៅជ្រះទេ ដោយជីវភាពក្រីក្រ មានតែដីលំនៅឋានទំហំ ៣០ម៉ែត្រ គុណ៤០ម៉ែត្រ ប៉ុណ្ណោះគ្មានដីស្រែទេ ទើបជីវភាពលំបាក។ បច្ចុប្បន្ន កូនទាំង០៣នាក់ បានរៀបការអស់ហើយកូនទី១ មានប្តីទៅរស់នៅខេត្តកំពង់ចាម។
កូនស្រីទី២ មានប្តីហើយទៅរស់នៅខាងប្តី ក្នុងភូមិអូរក្អាមដែរ ក៏ប៉ុន្តែមានជីវភាពក្រីក្រ ធ្វើការនៅក្នុងរោងចក្រ។ រីឯកូនប្រុសមានប្រពន្ធហើយដែរ រស់នៅក្នុងឃុំសំបួរ ស្រុកស្វាយទាប ក៏ប៉ុន្តែមានជីវភាពក្រីក្រ ប្រពន្ធធ្វើការរោងចក្រពេលថ្ងៃ ចំណែកប្តីធ្វើការរោងចក្រនៅពេលយប់។ សពថ្ងៃបានយកចៅប្រុសម្នាក់មកចិញ្ចឹមឈ្មោះ ទឹម កក្កដា អាយុ១១ឆ្នាំរៀនថ្នាក់ទី៤។
អ្នកស្រីថា កន្លងមកមានការលំបាកក្នុងជីវភាពយ៉ាងខ្លាំងទើបតែខែសីហារនេះ គាត់បានសុំបណ្ណសមធម៌នៅខេត្តស្វាយរៀង ពេលស្វាមីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត អាជ្ញាធរឱ្យបណ្ណក្រ២ បើកប្រាក់បាន១៧៧,០០០រៀល។ រីឯស្វាមីគាត់មានជំងឺដេកពេទ្យនេះ រយៈពេល២ឆ្នាំមកហើយ បច្ចុប្បន្ន គឺកំពុងដាក់ខ្យល់ឧកស៊ីហ្សែនសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយរូបគាត់នៅផ្ទះ២នាក់ និងចៅ កូនស្រីនៅថែឪពុកនៅពេទ្យ កំពុងជួបការលំបាកយ៉ាងខ្លាំងសូមសប្បុរសមេត្តាជួយដោយអនុគ្រោះ៕