(បន្ទាយមានជ័យ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គសិក្ខាសាលាជូនដល់បណ្តុំកសិករប្រកបរបរកសិកម្មដាំបន្លែ ក្នុងសហគមន៍ស្តីពីការផ្សព្វផ្សាយបណ្តុះបណ្តាល ក្នុងការអនុវត្តកសិកម្មល្អ នៅកម្ពុជា។
ពិធីផ្សព្វផ្សាយការអនុវត្តកសិកម្មល្អកម្ពុជាដល់ប្រជាកសិករដាំបន្លែ បានធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ព្រមទាំងបានចុះពិនិត្យ ផ្ទាល់ដល់ចំការបន្លែផ្សេងៗជាដើម។
លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា វិស័យកសិកម្ម គឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិមានតួនាទីសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង។
លោក ប៉ាង វណ្ណាសេដ្ឋ បានបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា រយៈកន្លងមកបន្លែ ដែលបាននាំចូលអាស្រ័យលើរដូវកាលមានប្រមាណ២០០ ដល់៤០០ តោន ក្នុងមួយថ្ងៃៗ ដែលមានតម្លៃជាទឹកប្រាក់ប្រហែលពី១៥០-២០០ដុល្លារ ក្នុងមួយឆ្នាំៗ។
ដើម្បីជាការឆ្លើយតបនឹងការហូរចូលនូវបន្លែនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តគម្រោងមួយដែលមានឈ្មោះថា «គម្រោងជំរុញផលិតកម្មស្បៀង» ក្នុងគោលបំណងកាត់បន្ថយនូវការនាំចូល ផលិតផលបន្លែពីប្រទេសជាតិខាង ក្នុងនោះយន្តការដែលល្អបំផុត គឺអនុវត្តកសិកម្មល្អ នៅកម្ពុជាគ្មានជាតិគីមី អាចធ្វើឲ្យផលិតផលរបស់យើងមានសុវត្ថិភាព និងគុណភាពខ្ពស់។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយចំណីអាហារថ្ងៃនេះ យើងទាំងអស់គ្នា បានមកជួបជុំគ្នានៅទីនេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយការអនុវត្តកសិកម្មល្អ (GAP) ជូនកសិករនៅខេត្តបន្ទាយមានជ័យ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានជ្រាប និងយល់កាន់តែច្បាស់អំពីបន្លែសុវត្ថិភាព ដែលទទួលបានតាមរយៈការអនុវត្តកសិកម្មល្អកម្ពុជា៕