(ភ្នំពេញ)៖ ក្រោយពីរួបរួមគ្នាបានរយៈពេលជាង១ឆ្នាំ ពេលនេះគណបក្សហ៊្វុនស៊ិនប៉ិច កំពុងរង្គោះរង្គើផ្ទៃក្នុងម្តងទៀត ដោយមានវាយប្រហារគ្នាទៅវិញទៅមក រវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ ពុំសូវពេញចិត្តទៅនឹងរចនាសម្ព័ន្ធថ្មីនៃគណបក្សហ៊្វុនស៊ិនប៉ិច និងការដឹកនាំដោយសម្តេចក្រុមព្រះនាថ្មីៗនេះនោះទេ ហើយចោទថា ក្រោមការដឹកនាំរបស់ សម្តេចក្រុមព្រះរយៈពេល១ឆ្នាំមកនេះ ហ៊្វុនស៊ិនប៉ិច មិនភាពរីកចំរើនអ្វីទាំងអស់ និងមានតែការអន់ថយទៅៗ។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ក្នុងពិធីប្រគល់ត្រា និងប្រកាសសុពលភាពក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំគណបក្ស នៅបណ្តាលរាជធានី-ខេត្ត មកពីទូទាំងប្រទេស របស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉ឹក ប៊ុនឆៃ រួមទាំងសមាជិកនៃរចនាសម្ព័ន្ធចាស់ដែលត្រូវដកចេញមួយចំនួនពុំចូលរួមនោះឡើយ។
សម្តេចក្រុមព្រះបានចាត់ទុកអ្នកដែលមិនមកចូលរួមពេលនោះថាមានចិត្តវៀចវេហើយបណ្តេញពួកគេឱ្យទៅចូលរួមជាមួយបក្សផ្សេងៗ បើសិនជាពួកគេមានបំណងចាកចេញ។
តាមរយៈវីដេអូមួយ ដែលបង្ហោះនៅលើទំព័រ Facebook លោក ញ៉ឹក ប៊ុនឆៃ បានអះអាងថា លោកនឹងមិនចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ ហើយលោកបានធ្វើសកម្មភាពមួយចំនួនជាមួយនឹងសមាជិកនៃរចនាសម្ព័ន្ធចាស់របស់លោក។ លោកបានលើកឡើងថា «ខ្ញុំបានប្រកាសកាលពីមុនរួចហើយថា ទោះជាហ៊្វុនស៊ិនប៉ិច អត់កៅអីមានកៅអី ខ្ញុំអត់ទៅណាចោលហ៊្វុនស៊ិនប៉ិចមួយជំហានទេ ហើយចាប់ពីម៉ោងនេះទៅ ខ្ញុំប្រកាសនូវជំហររបស់ខ្ញុំដដែល កុំយល់សុបិន្តថាខ្ញុំចេញពី ហ៊្វុនស៊ិនប៉ិច បក្សណាក៏ដោយគឺខ្ញុំមិនទៅទេ ព្រោះខ្ញុំគឺជាមនុស្សម្នាក់ ដែលផ្តើមកវែកកឆ្នាំងបង្កើត រណសិរ្យ ហ៊្វុនស៊ិនប៉ិច»។
លោក ញ៉ឹក ប៊ុនឆៃ បានបន្ថែមថា «សូមជំរាបជូនឱ្យហើយ ចាប់ពីថ្ងៃទី១ ខែកុម្ភៈទៅ ខ្ញុំបានគិតគូជាមួយឯកឧតុ្តម លោកជំទាវ សហការីមួយចំនួនហើយ នឹងចុះសួរសុខទុក្ខគ្រប់២៥រាជធានី-ខេត្ត បើគេមិនឱ្យយើងទៅសួរសុខទុក្ខអ្នករចនាសម្ព័ន្ធថ្មី យើងនឹងសួរសុខទុក្ខ អ្នករចនាសម្ព័ន្ធហ៊្វុនស៊ិនប៉ិចចាស់ទាំងអស់» ។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ហាក់មិនយល់អំពីសកម្មភាព របស់លោក ញ៉ឹក ប៊ុនឆៃ។ លោកថា បើសិនជាមានការបែកបាក់ម្តងទៀត នោះគណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនអាចស្រោចស្រង់បានទេ។
លោកបានប្រាប់ Fresh News ឱ្យដឹងថា «គាត់(ញ៉ឹកប៊ុនឆៃ)គិតថា ១ឆ្នាំធ្វើអត់បានការណ៍អ្វី ចុះអា៩ឆ្នាំកន្លងមកបានការណ៍អ្វីទៅ បាន(ហ៊្វុនស៊ិនប៉ិច)ធ្លាក់ដល់ថ្នាក់ហ្នឹង ខ្ញុំមើលទៅ គាត់កំពុងធ្វើនេះដើម្បីឱ្យនរណាម្នាក់មើលឃើញ គាំទ្រគាត់ទម្លាក់សម្តេចក្រុមព្រះទៀតក៏ខ្ញុំមិនដឹងដែរ ប៉ុន្តែខ្ញុំមើលទៅឃើញថា នឹងចប់ហើយ បើគាត់មានគំនិតអញ្ចឹងចប់ហើយ កុំថាឡើយជ្រុងកៅអី ១ចំណិតកៅអីក៏អត់មានទៀតដែរ»។
ទោះជាយ៉ាងណាមន្រ្តីរូបនេះ បាននិយាយថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងពិភាក្សានៅក្នុង គណៈកម្មាធិការវិន័យរបស់ខ្លួន អំពីសកម្មភាពរបស់លោក ញ៉ឹក ប៊ុនឆៃ បើសិនជាលោក នៅតែបន្តសកម្មភាពដែលមិនមានការអនុញ្ញាតពីប្រធានគណបក្ស៕