(ខេត្តត្បូងឃ្មុំ)៖ បុរសជាប្ដីបានក្លាយខ្លួន ជាឃាតកឈាមស្រស់ តែមួយពព្រិចភ្នែក ព្រោះតែសុរាចូលពោះ កើតជម្លោះក៏ទាញកាំបិតកាប់ ទៅលើប្រពន្ធខ្លួនឯង ខណៈដែលប្រពន្ធធ្វើការស្ដីបន្ទោស ពីរឿងដើរផឹកស៊ីស្រវឹងប៉ោឡែនៅក្រៅផ្ទះ។
ករណីប្ដីដាច់ចិត្តកាប់សម្លាប់ប្រពន្ធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បុរសជាប្ដីដែលក្លាយខ្លួនជាឃាតក ដោយមិនដឹងខ្លួនព្រោះតែហ៊ានយាដៃកាប់ប្រហារ ទៅលើប្រពន្ធខ្លួនឯងខាងលើនេះត្រូវបានគេស្គាល់ ឈ្មោះ ហម សារ៉េត អាយុ៥២ឆ្នាំ រីឯប្រពន្ធមានឈ្មោះពៅ ស្រីមុំ អាយុ៥៣ឆ្នាំ ដោយពួកគេមានទីលំនៅចំណុចផ្ទះកើតហេតុ។
ប្រភពព័ត៏មានពីអ្នកជិតខាងបានឲ្យដឹងថានៅមុនពេលកើតហេតុបុរសជាប្ដី បានវិលត្រឡប់មកពីផឹកស៊ីនៅខាងក្រៅផ្ទះពេលចូលដល់ ក្នុងផ្ទះវិញ ក៏ត្រូវប្រពន្ធធ្វើការស្ដីបន្ទោសពីរឿងដើរផឹកស៊ីរាល់យប់មកវិញឡូឡាមិនចេះខ្មាស់អ្នកជិតខាង។ ពេលឃើញប្រពន្ធស្ដីបន្ទោស ណាមួយ ដោយស្រាចូលពោះប្រែចិត្តទៅជាក្លាហានផង បុរសជាប្ដីក៏ធ្វើការតតបទៅប្រពន្ធវិញ បង្កទៅជាជម្លោះប្រវាយប្រតប់គ្នា ហើយខណៈនោះបុរសជាប្ដីក៏រត់ទៅយកកាំបិត មកធ្វើការកាប់ប្រហារទៅលើប្រពន្ធ ជាច្រើនកាំបិតទើបភ្ញាក់ខ្លួនរត់គេចខ្លួនបាត់ទៅ។ ចំណែកប្រពន្ធដែលដេកដួលក្នុងត្លុកឈាម ក៏ត្រូវបានអ្នកជិតខាងជួយនាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យតែដោយសារមុខរបួស ធ្ងន់ធ្ងរពេកក៏បណ្ដាលអោយស្ត្រីរងគ្រោះ ស្លាប់បាត់បង់ជីវិតតែម្ដងទៅ៕