(តៃប៉ិ)៖ ខណៈដែលបណ្ដាប្រទេសនៅតំបន់អាស៊ីខាងកើត អាកាសធាតុកំពុងចុះត្រជាក់ខ្លាំង មានសេចក្ដីរាយការណ៍មកថា នៅតៃវ៉ាន់ មានមនុស្ស ៨៥នាក់បានស្លាប់ដោយសារតែការចុះត្រជាក់នេះ នេះបើយោងតាមការចេញផ្សាយរបស់ស៊ិនហួរ នៅថ្ងៃទី២៦ ខែមករា។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ជាច្រើនគឺសុទ្ធសឹងតែជាមនុស្សចាស់ ដែលរស់នៅតំបន់ភាគខាងជើងនៃទីក្រុងតៃប៉ិ និងតៅយ៉ាន ដែលទាំងពីរតំបន់នេះមានអ្នកស្លាប់សរុប ៦៦នាក់។ តាមការបញ្ជាក់ពីគ្រូពេទ្យ អ្នកស្លាប់ភាគច្រើនគឺបានស្លាប់ដោយសារតែបេះដួង និងផ្លូវដង្ហើម, កម្ដៅក្នុងខ្លួនចុះត្រជាក់ និងពិបាកដងដង្ហើម។
ការចុះត្រជាក់នេះ ក៏ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកទេសចរណ៍ប្រមាណ ៦០.០០០នាក់កំពុងជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងត្បួង ដោយសារតែជើងហោះហើរអន្តរជាតិជាច្រើនត្រូវបានលុបចោល និងពន្យាពេល៕