(ភ្នំពេញ)៖ ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) បានថ្លែងស្វាគមន៍ទៅឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជានៅមុនការបើកកិច្ចប្រជុំនានៅមុននេះបន្តិច ដោយបានសរសើរជាខ្លាំងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។
លោក John Kerry បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែមានការអភិវឌ្ឍបានឆាប់រហ័ស។ ប្រមុខការទូតអាមេរិក ក៏បានអរគុណកម្ពុជាផងដែរ ដែលបានបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីជំនុំជម្រះទោសមេដឹកនាំខ្មែរក្រហម។
លោក ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក John Kerry ព្រមទាំងឆ្លើយតបវិញថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក John Kerry នឹងជួយជំរុញ និងពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក ឲ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា នៅខណៈប្រមុខការទូតកម្ពុជា-អាមេរិក កំពុងជួបពិភាក្សាការងារជាមួយគ្នា នៅទីស្តីការក្រសួងការបរទេស៕