(ស្វាយរៀង)៖ អគ្គិភ័យឆាបឆេះរោងចក្រ (ម៉ាស្ទ័រប្លេកស្មិតមេថល) ផលិតគ្រឿងសង្ហារឹម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង បណ្ដាលឱ្យឆេះកន្លែងស្នាក់នៅរបស់កម្មករ (ជនជាតិចិន) ធ្វើអំពីដែកប្រក់ស័ង្កសីទំហំ១០០ គុណ០៥ម៉ែត្រទាំងស្រុង សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យខូចខាតសម្ភារមួយចំនួនធំ ប៉ុន្តែមិនបង្កឱ្យមនុស្សគ្រោះថ្នាក់នោះទេ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទីថ្ងៃ៥ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង កម្លាំងនគរបាលស្រុកស្វាយទាប រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង និងនគរបាលក្រុងបាវិតរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ដឹកនាំដោយលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៤ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន០៤រថយន្ដ (រថយន្តកងរាជអាវុហត្ថ០២គ្រឿង, រថយន្តនគរបាល០២គ្រឿង)។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានបន្ថែមថា ក្នុងគ្រោះអគ្គិភ័យបណ្ដាលឱ្យខូចខាតរោងស្នាក់នៅទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួន ប៉ុន្តែពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។
ទន្ទឹមនោះ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យដែលអាចងាយបង្កឡើងដោយប្រការណាមួយ៕