(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនិស្សិតទាំងអស់ ដែលត្រូវបន្តការសិក្សានៅប្រទេសជប៉ុន រៀបចំខ្លួន និងឥរិយាបទឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតផ្តាំផ្ញើបែបនេះ ក្នុងពិធីជួបជុំសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាដែលជួយឱ្យការសិក្សា ក៏ដូចជាការបំពេញនូវភារកិច្ចនានា មានភាពជោគជ័យ វិវឌ្ឍន៍ទៅមុខ គឺទាមទារនូវការខិតខំប្រឹងប្រែង ឱ្យបានខ្លាំងជាងធម្មតា ដែលសំដៅទៅលើការខិតខំបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដោយរួមផ្សំបន្ថែមនូវការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត និងការបង្កើតនូវឱកាសថ្មីៗ។
លោកបន្តថា នេះជាកត្តាសំខាន់ណាស់ ក្នុងការជួយជំរុញឱ្យមាននវានុវត្តន៍ និងសហគ្រិនភាព ព្រោះទាំងនេះកើតចេញពីការផ្តួចផ្តើមគំនិត ច្នៃប្រឌិត និងមិនភ័យខ្លាចចំពោះភាពបរាជ័យ ដែលជាកម្លាំងចលករនាំទៅកាន់ភាពជោគជ័យ។ ទស្សនាទាននេះ ក៏អាចជួយដល់សិស្ស និស្សិត និងការប្រកបការងារនានាក្នុងប្រទេសយើងដែរ ព្រោះជាការជួយបង្កើតឱ្យមានភាពក្លាហាន ក្នុងការបោះជំហានថ្មី ក្នុងទិសដៅថ្មី និងបរិបទថ្មី។
«ក្នុងបរិបទនេះសូមខិតខំរៀនសូត្រ ស្រាវជ្រាវ ចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ ពិតប្រាកដ ដើម្បីទទួលបានជោគជ័យមួយពេញលេញក្នុងតួនាទី និងភារកិច្ចជានិសិ្សត និងត្រូវបូកផ្សំបន្ថែមទៀត នូវការព្យាយាមក្នុងការក្រេបយកនូវការយល់ដឹងអំពីវប្បធម៌ ប្រពៃណី សង្គម និងបងើ្កតនូវបណ្តាញទំនាក់ទំនង ប្រទាក់ក្រទ្បារវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យដែលជាកោសិការបស់សង្គម ហើយព្រមជាមួយគ្នាដែរ ក៏សូមធ្វើជាអ្នកការទូតដ៏ល្អក្នុងការតំណាងប្រទេសម្ពុជា នៅលើឆាកអន្តរជាតិ ដែលទាំងនេះសុទ្ធតែជាបច្ច័យ ក្នុងការនាំមកនូវភាពរីកចម្រើនសម្រាប់ទាំងអាជីពការងារ និងសង្គមជាតិ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសារទជាមួយនិស្សិត ដែលបានជោគជ័យក្នុងការទទួលនូវអាហារូបករណ៍ របស់រាជរដ្ឋាភិបាលជប៉ុន (JDS) និងអាហារូបករណ៍របស់ក្រសួងអប់រំជប៉ុន (MEXT) ដែលភាពជោគជ័យនេះ កើតចេញមកពីការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ខ្លួនក្នុងការរៀនសូត្រ ដោយក្នុងនោះមានការបែងចែកជាជំហានៗដូចជា ការបញ្ចប់ថ្នាក់ទុតិយភូមិ ការរៀនត្រៀមក្នុងការប្រលងយកអាហារូបករណ៍ ហើយបន្ទាប់នេះគឺជាការចេញទៅសិក្សា និងរស់នៅក្នុងប្រទេសជប៉ុន។ លោកចាត់ទុកថា ការទទួលបានអាហារូបករណ៍ គឺជាការទទួលបាននូវឱកាសក្នុងការកសាងសមត្ថភាពបុគ្គល ដើម្បីឈានទៅទទួលបាននូវភាពរីកចម្រើនសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកសាងធនធានមនុស្សតាមរយៈការពង្រឹងនូវវិស័យអប់រំរបស់ជាតិ ដើម្បីជួយបង្កើនសមត្ថភាពយុវជន ដែលជាកម្លាំងចលករដ៏សំខាន់របស់យើង និងការផ្តល់ឱកាសក្នុងការទាញយកអាហារូបករណ៍ គ្រប់សណ្ឋានពីអន្តរជាតិ ដែលមានចាប់តាំងពីក្រោយពេល ដែលយើងទទួលបាននូវជ័យជម្នះ ពីរបបប្រល័យពូជសាសន៍ ហើយនេះក៏ជាចំណែក នៃការចូលរួមកសាង អភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ដើម្បីបន្តនូវការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព គឺទាមទារជាចាំបាច់បំផុតនូវការកសាងគុណភាពនៃបរិមាណធនធានមនុស្ស តាមរយៈការច្បាមយកជំនាញពិតប្រាកដជាមួយ និងចំណេះដឹងច្បាស់លាស់របស់និសិ្សត និងកម្លាំងការងារគ្រប់ស្រទាប់៕