(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចបានប្រើប្រាស់ Facebook ដើម្បីដោះស្រាយការងារជូនប្រជាពលរដ្ឋ មិនមែនដើម្បីប្រកួតប្រជែងជាមួយនរណានោះទេ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រ (Like) លើទំព័រ Facebook ផ្ទាល់របស់សម្តេច បានកើនដល់ជាង២លាននាក់ តាំងពីម្សិលមិញ កាន់តែកៀកគ្នាខ្លាំងឡើងជាមួយ Facebook លោក សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំប្រើប្រព័ន្ឋ Facebook បន្ថែមលើប្រព័ន្ធមានស្រាប់ បានបង្កើននូវប្រសិទ្ធភាពនៃការ ដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយៈការប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានា ដែលជាការផ្តល់ឱកាស ជូនប្រជាជនចូលរួមយោបល់ មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ»។
សម្តេចបានបន្ថែមថា «ខ្ញុំមានអារម្មណ៌ថា ខ្ញុំនៅជាប់នឹងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវនិងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ»។
ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានអ្នកគាំទ្រជាង២លាននាក់កាលពីម្សិលមិញ ជាមួយនឹងកំណើនមួយថ្ងៃ១ម៉ឺនទៅ២ម៉ឺន Like ដែលជាល្បឿននៃកំណើនមួយ ដ៏លឿនបំផុតនៅក្នុងចំណោមគេហទំព័រនៅកម្ពុជា។
នៅលើ Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់សម្តេច។ សម្តេចលើកឡើងថា «ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេស ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំ ដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញអោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព»។
សម្តេចជំរុញឱ្យ ប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ខ្លាំងឡើងថែមទៀត៕