(ស្ទឹងត្រែង)៖ មន្ទីរអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ បានបើកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទថ្នាក់ខេត្ត ឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ដោយមានចូលរួមពីលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និងមន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូប។
បើតាមលោក ព្រំ ចាន់ថា បានបញ្ចាក់ ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំ គឺលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពរបស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយគ្នានេះដែល ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់អនាម័យជនបទ ៦ខែ សម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀរគរការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកបានបន្តថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងអនុវត្តសកម្មភាពទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទបានជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងបានបង្ហាញនូវវឌ្ឍនភាពនៃលទ្ធផលការងាររបស់ខ្លួនដែលបានអនុវត្តកន្លងមក ។
លោក ដួង ពៅ បានសម្តែងនូវការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានសហការគ្នារៀបចំកិច្ចប្រជុំនេះឡើង ឆ្លុះបញ្ចាំងពីការអនុវត្តការងារផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទឱ្យស្របតាមផែនការប្រចាំឆ្នាំ និងផែនសកម្មភាពថ្នាក់ខេត្ត (PAP) យ៉ាងល្អប្រសើរនឹងមានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះ។
ក្នុងនោះដែរ លោក ដួង ពៅ គូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះបានបង្ហាញអំពីវឌ្ឍនភាពការងារដែលក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តន៍ក្នុងរយៈពេល ៦ខែកន្លងមកនេះ និងបានធ្វើកិច្ចសហការយ៉ាងល្អ រវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរដែនដី ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្រជាតិស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ។
កិច្ចប្រជុំនេះក៏ជាសូចនាករមួយ ដ៏សំខាន់ក្នុងការវាស់វែងប្រសិទ្ធិភាព និងភាពជោគជ័យនៃការអនុវត្តការងារដែលមានក្នុងផែនការសកម្មភាពជាតិ (២០១១-២០២៥) ធ្វើយ៉ាងណាឱ្យសម្រេចបាន ៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយ នៅឆ្នាំ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ។
លោក ដួង ពៅ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ដែលបានខិតខំអនុវត្តការងារមួយនេះឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញឱ្យអនុវត្តន៍ ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និងផឹកស្អាត៕