(ព្រៃវែង)៖ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្រ្តីកងរាជអាវធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការបង្រ្កាបរថយន្តលួចនាំចូលគេចពន្ធ មកពីប្រទេសវៀតណាម ចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកភ្នំពេញ ប្រទេសកម្ពុជា។
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែក សមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ តែទោះជាយ៉ាងក្តី ក៏មិនអាចគេចផុតពីសមត្ថកិច្ចគយចល័តតំបន់៦ ឡើយ។
សកម្មភាពរបស់ឈ្មួញដ៏មានល្បិចខ្ពស់នេះ បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងលឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាព មេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។
តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល។
សូមបញ្ជាក់ថា ឈ្មោះ ម៉ៅ វណ្ណៈ នេះធ្លាប់មន្ត្រីគយចល័តតំបន់១ ចាប់បានរថយន្តអត់ពន្ធដែលឈ្មោះនេះលួចនាំចូលកន្លងមក ម្តងរួចមកហើយ ។
តាមចម្លើយសារភាពរបស់ក្រុមឈ្មួញបានឲ្យដឹងថា អ្នកលួចនាំចូលរថយន្តអត់ពន្ធនៅមានឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត ដែលសមត្ថកិច្ចគយធ្លាប់ធ្វើការបង្ក្រាប និងកំពុងតាមប្រម៉ាញ់បន្ត។
បច្ចុប្បន្នរថយន្តត្រូវបានរក្សាទុកនៅទីតាំងគយចល័តពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕