(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ខណៈដែលគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០មកម្ល៉េះ។

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ត្រូវបានរៀបចំឡើង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា, បណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។

ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ កន្លងមក ។ ការវាយតម្លៃរបស់ក្រសួងអប់រំ យុវជន និងកីទ្បា បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទនឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឡើយ ។

គ្រឹះស្ថានសិក្សាត្រូវសម្របសម្រួលទៅតាម «ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី» (New Normal Life) តាមរយៈការអនុវត្ត «វិធានការសុវត្ថិភាពសិក្សា» ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា ។

ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ដោយឈរលើអភិក្រម ២ គឺ៖ ១. ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម «ស្តង់ដាសុវត្ថិភាពសុខភាព» និង ២. ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន, ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេទ្បិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស័្វយសិក្សា (សម្រាប់សិស្សនៅទីជនបទ) ។

ដោយឈរ លើអភិក្រមទាំងពីរនេះ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ត្រូវបានរៀបចំទ្បើងដោយឈរលើគោលការណ៍ ចំនួន០៥ ចំណុចរួមមាន៖

១៖ ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ៣ ដំណាក់កាល បន្តបន្ទាប់គ្នា ។

២៖ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។

៣៖ ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

៤៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវ ខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

៥៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្ត នៃកម្រិតហានិភ័យ របស់ការរាលដាលនៃជំងឺកូវីដ-១៩ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ជាធាតុចូល និងរៀបចំឯកសារដ៏មានសារៈសំខាន់នេះ និងស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្ដល់កិច្ចសហការ និងកែសម្រួលឯកសារនេះ តាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារនេះមានភាពពេញលេញ, គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ៕