(សៀមរាប)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារ ដែលជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។ អំណោយនេះ បានចែកជូនចំនួន ៦០គ្រួសារ មកពី៦ឃុំ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្ត ឃុំចារឈូក ស្រុកអង្គរជុំ។
នាឱកាសនោះលោកស្រី ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រីបានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩។ លោកស្រី ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋយើងមិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមនាពេលនេះ ហើយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគមន៍ត្រូវអនុវត្តឱ្យបានតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដែលត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។
លោកស្រី ទាង អេង ទៀសីហា បានបន្ថែម ម៉្យាងទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី (ជំងឺឈីក) និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ក្នុងនោះអំពីសុខភាពរបស់កុមារតូចៗ មនុស្សគ្រប់វ័យ កុំឱ្យមានកើតជំងឺគ្រុនឈាម និងជំងឺឈីក គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រកមូសខ្លា ដោយពេលនេះជារដូវភ្លៀងធ្លាក់ផង។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, អាវយឺត២, និងថវិកា ៤ម៉ឺនរៀល។
ក្នុងឱកាសនោះដែរលោកស្រី និងប្រតិភូរួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញធ្វើការដាក់ថ្នាំអាបែត តាមពាងទឹកទៅតាមខ្នងផ្ទះ ក្នុងភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ដើមី្បរួមគ្នាបំបាត់ជម្រកប្រភពមូសខ្លា ការពារជំងឺគ្រុនឈាម គ្រុនឈីក ដែលជាប្រភពចម្លងជំងឺទាំងនេះ មកយាយីដល់សុខភាពយើងគ្រប់គ្នា៕