Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស៣២នាក់ ត្រូវបានដាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីរកករណីទី២ នៃវីរ៉ុសផ្លូវដង្ហើម MERS

26-01-2016 00:36

(បាងកក)៖ យោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលថៃ បានដាក់មនុស្ស ចំនួន៣២នាក់ ឲ្យនៅដាច់ដោយឡែកពីគេ ខណៈខ្លួនកំពុងរកដំណោះស្រាយ ដើម្បីការពារការរីករាលដាល នៃវីរ៉ុសផ្លូវដង្ហើមតំបន់មជ្ឈិមបូព៌ា MERS បន្ទាប់ពីករណីទី២នៃវីរ៉ុសមួយនេះ ត្រូវបានរកឃើញ នេះបើតាមមន្ត្រីមួយរូប នៃក្រសួងសុខាភិបាលថៃ បានឲ្យដឹងយ៉ាងដូច្នេះ។

ករណីទី២នេះ ត្រូវបានរកឃើញលើមនុស្សជនជាតិអូម៉ង់ វ័យ៧១ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកកាន់ទីក្រុងបាងកក។ កូនប្រុសរបស់គាត់, អ្នកបើកបរ រថយន្តតាក់ស៊ី, បុគ្គលិកសណ្ឋាគារ និងក្រុមអ្នកធ្វើដំណើរ នៅលើយន្តហោះដែលជិះជាមួយគាត់ គឺស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានគេដាក់ នៅដាច់ដោយឡែកពីគេ រយៈពេល២សប្តាហ៍ នេះបើតាមអគ្គនាយកមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយថៃ លោក Amnuay Gajeena បានឲ្យដឹងយ៉ាងដូច្នេះ។

«យើងបាននឹងកំពុង ធ្វើការស៊ើបអង្កេតទ្រង់ទ្រាយធំ ដូច្នេះហើយយើងអាចរកឃើញមនុស្សបន្ថែមទៀត» នេះបើតាមសម្តីលោក Amnuay។
បុរសជនជាតិអូម៉ង់នេះ មានជំងឺផ្តាសាយ, ក្អក និងពិបាកដកដង្ហើម។ ករណីវីរ៉ុស MERS ត្រូវបានរកឃើញជាលើកដំបូង នៅលើខ្លួនមនុស្ស ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងឆ្នាំ២០១២ ហើយភាគច្រើនករណីជំងឺនេះ កើតឡើងនៅតំបន់មជ្ឈិមបូព៌ា៕