(ភ្នំពេញ)៖ របាយការណ៍ដែល Fresh News ទទួលបាននៅព្រលប់ថ្ងៃច័ន្ទនេះ បានបង្ហាញឲ្យឃើញថា កាលពីយប់មិញកម្លាំងសមត្ថកិច្ច សហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានី ដោយក្នុងនោះឃាត់បានមនុស្សចំនួន១២នាក់ រថយន្ត៦គ្រឿង និងម៉ូតូ៦គ្រឿង, ដោយតម្រូវឲ្យតម្កល់ប្រាក់កក់ ផាកពិន័យ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ ថែមទាំងត្រៀមបញ្ជូនទៅកាន់តុលាការផងដែរ។ អ្នកទាំង១២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់០.៦០មីលីក្រាម។
ឧត្តមសេនីយ៍ រ៉ុន រ័ត្នវាសនា បានថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងដាក់ប្រមាណជិត១០គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕