(ភ្នំពេញ)៖ ពិតជាអស្ចារ្យ ឥឡូវនេះបានចំនួន ២លាននាក់ហើយ ! នោះគឺជាចំនួនតួលេខនៃអ្នកចូលចិត្ត (Like) និងគាំទ្រ Facebook Pages របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន បានធ្វើឲ្យចំនួន Likes កើនឡើង ពី១ម៉ឺន ទៅ២ម៉ឺនជារៀងរាល់ថ្ងៃតែម្តង, ហើយសន្ទុះនៃការកើនឡើងដល់២លាននាក់នេះ គឺប្រើក្នុងរយៈពេលយ៉ាងខ្លីបំផុត។
គិតត្រឹមម៉ោង ៦៖៥០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ចំនួន Facebook របស់សម្តេចតេជោ ហ៊ុន សែន បានកើនឡើងដល់ចំនួន ២,០០០,១០៥នាក់ ដែលជាចំនួនដ៏អស្ចារ្យ និងដ៏ច្រើនលើសលប់មួយ បន្ទាប់ពីបានចំនួន១លាននាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ (ប្រមាណ៥ខែកន្លងទៅ)។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករានេះ បានថ្លែងអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើ ការដឹកនាំរបស់សម្តេច និងការប្រគល់នូវ ទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះសម្តេច ដើម្បីដឹកនាំកសាងប្រទេស, បងប្អូនជនរួមជាតិ បានបង្ហាញឲ្យឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។
«ខ្ញុំប្រើប្រព័ន្ឋ Facebook បន្ថែមលើប្រព័ន្ឋមានស្រាប់បានបង្កើននូវប្រសិទ្ឋិភាព នៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយះការ ប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានា ដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់ មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំមានអារម្មណ៌ថា ខ្ញុំនៅជាប់ និងប្រជាជន ហើយមានព័ត៌មាន កាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវនិងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែង ជាមួយអ្នកណានោះឡើយ» នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី២៥ ខែមករានេះ។
សូមជំរាបថា មេដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានបណ្តាញសង្គម Facebook ផ្តល់ចំណាត់ខ្ពស់បំផុត ដែលមានអ្នក Like ច្រើនជាងគេជាប្រចាំថ្ងៃ នេះបើយោងតាមបណ្តាញសង្គមវាស់ស្ទង់ Socialbakers ចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។ ការផ្តល់នេះផ្តោតតែលើមេដឹកនាំកម្ពុជា ៣រូបតែប៉ុណ្ណោះ។
នៅកម្ពុជា Facebook បានក្លាយទៅជាមជ្ឈមណ្ឌល ចែកចាយព័ត៌មានមួយដ៏ធំទាំងរឿងផ្ទាល់ខ្លួន រឿងសាធារណៈ រឿងអយុត្តិធម៌ សង្គម បូករួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតមានប្រចាំថ្ងៃនៅកម្ពុជា ភាគច្រើនត្រូវបានគេរំលេចឡើងលើទំព័រ Facebook។ តាមរយៈទំព័រ Facebook នេះ គេមើលឃើញថា ជួយបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រមុខដឹកនាំចង្កូតនាវាកម្ពុជា ជាមួយប្រជាពលរដ្ឋ ដោយអាចឆ្លើយឆ្លង និង អាចចែករំលែកភាពសប្បាយ ទុក្ខកង្វល់ ក៏ដូចជាផលលំបាកនានា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ កង្វល់ទាំងអស់នេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា តែងយកភាពសប្បាយរីករាយ និងទុក្ខលំបាកភ្ជាប់ជាមួយប្រជាពលរដ្ឋនេះ បានធ្វើការវះកាត់ភ្លាមៗ ដោយសម្រេច លុបចោល ការយកសេវាលើផ្លូវវេងស្រេង លុបចោលការយកសេវាតាមផ្លូវជាតិលេខ៤ និងលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនផងដែរ៕