(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យ Fresh news ដឹងថា៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការប្រឡងជ្រើសរើសសសិស្សចៅក្រមជំនាន់ទី៧ នាទីស្តីការក្រសួងដោយមានការចូលរួមដឹកនាំដោយ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។
ក្នុងកិច្ចប្រជុំនេះក្រសួងយុត្តិធម៌ បានសម្រេចអំពីកាលបរិច្ឆេទប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧ គឺថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ និងបានស្នើសុំកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៏លើដំណើរទាំងមូលនៃការប្រឡងជ្រើសរើសនេះ ដើម្បីធានាអោយកាន់តែមានតម្លាភាព និងភាពជឿទុកចិត្ត។
ជាការឆ្លើយតប លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ដែលបានរៀបចំនូវនីតិវិធី នៃដំណើរការប្រឡងនេះ ហើយអង្គភាពប្រឆាំងអំពើពុករលួយរីករាយក្នុងកិច្ចសហការសង្កេតការណ៏ លើដំណើរទាំងមូលនៃការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧ នេះ៕